(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានហៅ​កូរ៉េខាងជើងថា ជាការគំរាមកំហែង​បន្ទាន់បំផុត​ចំពោះសហរដ្ឋអាមេរិក ខណៈកិច្ចចរចា​រំសាយអាវុធនុយក្លេអ៊ែរ ​រវាងប្រទេសទាំងពីរ​កំពុងជាប់គាំង។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។

លោក Mattis ធ្វើការកត់​សម្គាល់បែប​នេះ ក្នុងពេលថ្លែង​សុន្ទរកថាមួយ​នៅឯវេទិកា​ការពារជាតិ រាហ្គែន (Reagan) ក្នុងទីក្រុង ស៊ីមី វ៉ាល់ឡេយ៍ (Simi Valley) រដ្ឋកាលីហ្វ័រញ៉ា ឆ្លើយតប​ទៅនឹងសំណួរដែលសួរថា តើប្រទេស​កូរ៉េខាងជើង រុស្ស៊ី ចិន ឬអ៊ីរ៉ង់ មួយណា​គំរាមកំហែងធ្ងន់​ធ្ងរជាងគេ ដល់​សហរដ្ឋអាមេរិក។ លោក Mattis បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «នៅក្នុងលក្ខខណ្ឌ​បន្ទាន់ និងធ្ងន់ធ្ងរ កូរ៉េខាងជើងគឺជាបញ្ហា... ហើយយើង​បាននិងកំពុង​ដោះស្រាយបញ្ហា​មួយនេះ»។ បន្ថែមពី​លើនេះ លោករដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកក៏បានចាត់ទុក​រុស្ស៊ី និងចិនគឺជា​ការគំរាមកំហែងដ៏ធំ​សម្រាប់សហរដ្ឋអាមេរិក​ផងដែរ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកចង់ជួប​ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាលើកទី ២ នៅខែមករា ឬខែកម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។ ប៉ុន្តែការលើក​ឡើងរបស់​លោក Mattis គឺផ្ទុយទាំងស្រុង​ទៅនឹងការកត់សម្គាល់​របស់លោក ត្រាំ ដែលថា​កូរ៉េខាងជើងលែង​ជាការគំរាមកំហែង​នុយក្លេអ៊ែរ៕