(លីសបោន)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅដល់ប្រទេសព័រទុយហ្កាល់នៅថ្ងៃអង្គានេះ សម្រាប់ការបំពេញដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈបណ្ដាប្រទេសមហាអំណាចអ៉ឺរ៉ុបកំពុងព្រួយបារម្ភ ចំពោះឥទ្ធិពលរបស់ចិននៅទ្វីបអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន TRT នៅរសៀលថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
លោក ស៊ី ជិនពីង ក៏ទើបតែបានបំពេញទស្សនកិច្ច នៅក្នុងប្រទេសអេស្ប៉ាញផងដែរ កាលពីសប្ដាហ៍មុន ហើយនៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅព័រទុយហ្កាល់ លោកប្រធានាធិបតីចិនត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីព័រទុយហ្កាល់ លោក ម៉ាសេឡូ សួសា (Marcelo Rebelo de Sousa) និងនាយករដ្ឋមន្ត្រីលោក អាន់តូនីញ៉ូ កូស្តា (Antonio Costa) ក៏ដូចជាចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយទីក្រុងលីសបោន។
បន្ថែមពីលើនេះក្នុងចំណោមកិច្ចសហប្រតិបត្តិការខាងលើ កំពង់ផែព័រទុយហ្កាល់ ស៊ីណែស (Sines) ស្ថិតនៅភាគនិរតីក៏ត្រូវគេរំពឹងដែរថា នឹងត្រូវបានបញ្ចូលនៅក្នុងគំនិតផ្ដួចផ្ដើមវិថីសូត្ររបស់ចិន ដែលជាផែនការសេដ្ឋកិច្ចផ្ដល់កម្ចីក្នុងការកសាងផ្លូវដែក ផ្លូវថ្នល់ និងកំពង់ផែនៅតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក។
ប៉ុន្តែព្រមពេលជាមួយគ្នា ការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុង តំបន់អឺរ៉ុបបាននិងកំពុងបង្កការព្រួយបារម្ភជាខ្លាំង ដល់បណ្ដាមហាអំណាចអឺរ៉ុប ជាពិសេសគឺបារាំង និងអាល្លឺម៉ង់តែម្ដង ខណៈសហរដ្ឋអាមេរិក បានព្រមានជារឿយៗដល់ប្រទេសទទួលជំនួយពីចិន ឲ្យមានការប្រុងយ័ត្នខ្ពស់ ខ្លាចក្រែងធ្លាក់ចូល អន្ទាក់បំណុលរបស់ទីក្រុងប៉េកាំង។ ប៉ុន្តែជុំវិញរឿងនេះ បណ្តាប្រទេសមួយចំនួន ជាពិសេសនៅអាហ្វ្រិកដែលត្រូវការជំនួយអភិវឌ្ឍន៍ប្រទេសជាចាំបាច់នោះ ក៏បានទាត់ចោលនូវក្តីបារម្ភផងដែរ ហើយពួកគេអះអាងថា គេត្រូវការជំនួយរបស់ចិន ព្រោះចិនគ្មានលក្ខខណ្ឌអ្វីច្រើននោះឡើយ។
គួរបញ្ជាក់ថា ទំហំវិនិយោគរបស់ចិនគឺស្មើនឹង ៣.៦ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុប(GDP) របស់ព័រទុយហ្កាល់នៅចន្លោះឆ្នាំ២០១០ និង២០១៦ ហើយមិនតែ ប៉ុណ្ណោះបច្ចុប្បន្ន ចិនថែមទាំងជាម្ចាស់ភាគហ៊ុនជាង ២៨ភាគរយ នៅក្នុងក្រុមហ៊ុនថាមពលព័រទុយហ្កាល់ដ៏ធំឈ្មោះ EDP ទៀតផង៕