មួយទៀតហើយ! យន្តហោះអាកាសចរណ៍ចិន China Eastern ចុះចតយ៉ាងទាន់ហន់ ក្រោយជួបបញ្ហាបច្ចេកទេស!
04-12-2018 15:00
(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ចិនភាគខាងកើត (China Eastern Airlines) បានធ្វើការចុះចតបែបបន្ទាន់នាថ្ងៃអង្គារនេះ នៅឯអាកាសយានដ្ឋានណាឆាង (Nanchang) ក្នុងខេត្តជាំងស៊ី (Jiangxi) ភាគអាគ្នេយ៍ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នារសៀលថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
ហេតុការណ៍នេះបានបង្កឡើង ដោយសារបញ្ហាបច្ចេកទេសនៅលើយន្តហោះ។ បើតាមសេចក្តីថ្លែងការណ៍នៃអាកាសចរណ៍ China Eastern Airlines ម៉ាស់ផ្ទុកអុកស៊ីសែន ត្រូវបានទម្លាក់ចុះព្រោងព្រាតក្នុងយន្តហោះ នៅអំឡុងការហោះហើរដែលមានគោលដៅចេញពីទីក្រុង គីងតាវ (Qingdao) ទៅកាន់ក្រុង ក្វាងចូវ (Guangzhou) ទោះបីជាក្រុមការងារយន្តហោះពុំសង្កេតឃើញមានការធ្លាក់ចុះសម្ពាធខ្យល់នៅក្នុងកាប៊ីនអ្នកធ្វើដំណើរក៏ដោយ។
គួរជម្រាបថា ភ្លាមៗនោះអាកាសយានិកយន្តហោះ ក៏បានសម្រេចបញ្ឈប់ការធ្វើដំណើរ ដើម្បីធានាសុវត្ថិភាពរបស់អ្នកដំណើរ ហើយស្នើសុំធ្វើការចុះចតក្នុងលក្ខណៈបន្ទាន់ នៅឯអាកាសយានដ្ឋានខាងលើ នៅក្រុង Nanchang។ យន្តហោះរបស់ China Eastern Airlines បានចុះចតដោយជោគជ័យ ខណៈមូលហេតុដែលបង្កឲ្យមានបញ្ហានេះ ពុំទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ៕