(ប៉ារីស)៖ ខណៈបាតុកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃ និងជីវភាពរស់នៅកាន់តែលំបាករបស់ក្រុមបាតុករអាវលឿង កំពុងរីករាលដាលកាន់តែធំក៏ដោយ ក្រុមអ្នកជំនាញ បារាំងមួយចំនួននៅតែយល់ថា ប្រធានាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង នឹងមិនព្រមចុះចាញ់ចំពោះស្ថានភាពបច្ចុប្បន្នដោយស្រួលៗនោះទេ បើទោះជាប្រជាប្រិយភាពរបស់លោក ដាំក្បាលចុះក្រោមយ៉ាងគំហុកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
ជុំវិញវិបត្តិនៅក្នុងប្រទេសបារាំងនេះដែរ អ្នកជំនាញបារាំងមួយរូបមកពីសាកលវិទ្យាល័យ ប្រ៊ីស្តូល (Bristol) លោក ជីណូ រ៉ៃម៉ុនដ៍ (Gino Raymond) ក៏គិតដូចគ្នាដែរថា វាគឺជារឿងដ៏ពិបាកដែលលោក ម៉ាក្រុង ទទួលស្គាល់បរាជ័យ និងសុំចុះចាញ់នៅចំពោះមុខក្រុមបាតុករ ។ អ្នកជំនាញរូបនេះបានបញ្ជាក់ប្រាប់ Sputnik យ៉ាងដូច្នេះថា «ខ្ញុំគិតថាលោក ម៉ាក្រុង នឹងព្យាយាមស្វែងរកដំណោះស្រាយ និងកិច្ចចរចាជាមួយក្រុមបាតុករ ហើយលោកនឹងទុកការងារនេះឱ្យនាយករដ្ឋមន្ត្រីបារាំងលោក អេឌូអាដ ហ្វីលីព (Eduoard Phillipe) គឺជាអ្នកដោះស្រាយ... ម្យ៉ាងវិញទៀតខ្ញុំយល់ថា លោក ម៉ាក្រុង នឹងមិនព្រមចុះចាញ់ចំពោះស្ថានភាពបច្ចុប្បន្ន ដោយស្រួលៗនោះទេ»។
ដោយឡែកនៅឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មាន ទាក់ទិននឹងការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន លោក Raymond លោកអះអាងថា «រដ្ឋាភិបាលបារាំងនឹងមិនធ្វើដូច្នេះឡើយ ព្រោះថាការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ធ្វើឡើងតែនៅក្នុងស្ថាន ភាពដែលគ្រប់គ្រងលែងបានតែប៉ុណ្ណោះ...»។
គួរបញ្ជាក់ថា បាតុកម្មប្រឆាំងសាំងឡើងថ្លៃ និងកំណែទម្រង់ពន្ធដាររបស់លោក ម៉ាក្រុង បានផ្ទុះឡើងតាំងតែពីពាក់កណ្ដាលខែវិច្ឆិកា មកម្ល៉េះ។ មហាបាតុកម្មនេះបានរីករាលដាលកាន់តែធំ ដោយកាលពីចុងសប្ដាហ៍កន្លងទៅ ដោយបាតុករ ៤១២នាក់ត្រូវចាប់ខ្លួន និង ២៦៣នាក់រងរបួស ហើយបាតុករ ០៣នាក់បាត់បង់ជីវិត ដែលនេះត្រូវបានគេចាត់ទុកថា ជាស្ថានការណ៍ចលាចលបំផុតនៅក្នុងប្រទេសបារាំង ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ៕
ឮ