(ម៉ូស្គូ)៖ នៅពេលដែលបាតុកម្មដ៏ហិង្សាផ្ទុះឡើងកាលពីឆ្នាំ២០១៣ ក្នុងប្រទេសអ៊ុយក្រែន បណ្ដាអ្នកវិភាគ និងមេដឹកនាំលោកខាងលិចជាច្រើនសុទ្ធតែបានបង្ហាញការគំាទ្រដល់ក្រុមបាតុករប្រឆាំងអតីតរដ្ឋាភិបាល ដែលស្និទ្ធនឹងរុស្ស៊ីរបស់អតីតប្រធានាធិបតីអ៊ុយក្រែន លោក វិកទ័រ យ៉ាណូកូវិច (Viktor Yanukovych)។ ប៉ុន្តែស្របពេលរដ្ឋាភិបាលបារាំង កំពុងប្រឈមមុខនឹងមហាបាតុកម្ម ពួកគេបែរជាបង្ហាញគោលជំហរប្រឆាំង ចំពោះក្រុមបាតុករបារាំងទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT (Russian Today) នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
សារព័ត៌មានរុស្ស៉ី Russian Today នៅក្នុងអត្ថបទរបស់ខ្លួនបានលើកឡើងទៀតថា កាលពីឆ្នាំ២០១៣ បណ្ដារដ្ឋាភិបាលនៃលោកខាងលិចរួមមានទាំងបារាំង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះវិធានការរបស់រដ្ឋាភិបាលអ៊ុយក្រែនលើក្រុមបាតុករ ហើយថែមទាំងហៅក្រុមបាតុករអ៊ុយក្រែនជាក្រុមធ្វើបដិវត្តន៍ទៀតផង។ ប៉ុន្តែក្នុងពេលបច្ចុប្បន្នរដ្ឋាភិបាល និងអ្នកវិភាគលោកខាង លិខបែរជានាំគ្នាថ្កោលទោសក្រុមបាតុករអាវកាក់ពណ៌លឿង ហើយជម្រុញឱ្យប្រធានាធិបតីបារាំងលោក ម៉ាក្រុង ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទប់ទល់នឹងក្រុមបាតុករទៅវិញ។
លើសពីនេះទៅទៀត បណ្ដាប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបខ្លះ ថែមទាំងហៅក្រុមបាតុករបារាំងថាជាកុប្បករ ខណៈពួកគេធ្លាប់ចាត់ទុកថា ក្រុមបាតុករអ៊ុយក្រែនជាអ្នកបដិវត្តន៍។
គួរបញ្ជាក់ថា សារព័ត៌មានរុស្ស៉ី Russian Today ក៏បានស្រង់មតិមួយចំនួនរបស់អ្នកលេង Twitter ផងដែរ ដោយមានអ្នកខ្លះបញ្ចេញមតិថា កាលពីបាតុកម្មនៅក្នុងប្រទេសស៉ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ និងអ៊ុយក្រែន រដ្ឋាភិបាលលោកខាងលិចសុទ្ធតែគាំទ្រក្រុមបាតុករហើយចាត់ទុកថា វាគឺជាបដិវត្តន៍ ចុះហេតុអ្វីនៅពេលនេះពួកគេមិនអាចចាត់ទុកថា បាតុកម្មនៅបារាំងជាបដិវត្តន៍ដែរ៕