(វ៉ាស៊ីនតោន)៖ យានអវកាស OSIRIS-REx របស់អង្គការ NASA ទីបំផុតបានធ្វើដំណើរទៅដល់គោលដៅរបស់វា ដែលជាដុំថ្មអវកាសចំណាស់មួយឈ្មោះថា Bennu ហើយ ក្រោយចំណាយពេលប្រមាណ ០២ឆ្នាំក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ខែធ្នូ ឆ្នាំ២០១៨។
ការទៅដល់នេះគឺយាន OSIRIS-REx ស្ថិតនៅចម្ងាយត្រឹម ២០គីឡូម៉ែត្រប៉ុណ្ណោះពី Bennu។ OSIRIS-REx ដែលត្រូវបានគេបាញ់បង្ហោះកាលពីខែកញ្ញា ឆ្នាំ២០១៦ នឹងខិតទៅជិត Bennu ថែមទៀតនៅប៉ុន្មានខែខាងមុខ ហើយចំណាយពេលជិត ១ឆ្នាំ ដើម្បីសិក្សាទៅលើអាចម៍ផ្កាយនេះ មុនពេលជ្រើសរើសទីតាំងដែលមានសុវត្ថិភាព និងអាចផ្តល់តម្លៃផ្នែកវិទ្យាសាស្រ្តខ្ពស់ សម្រាប់ការប្រមូលយកគំរូតាង។
បន្ទាប់មកពី OSIRIS-REx នឹងរំកិលទៅយ៉ាងកៀក ហើយប្រើដៃរ៉ូបូតរបស់វាទៅប៉ះផ្ទៃរបស់ Bennu សម្រាប់រយៈពេលត្រឹម ០៥វិនាទី ដើម្បីប្រមូលយកគំរូតាងយ៉ាងតិចទម្ងន់ ៦០ក្រាម។ OSIRIS-REx ត្រូវគេរំពឹងថា នឹងបញ្ជូនគំរូតាងដែលប្រមូលបាននោះ មកកាន់ផែនដីនៅខែកញ្ញា ឆ្នាំ២០២៣។
គួរជម្រាបថា គន្លងគោចររបស់ Bennu រត់នៅចន្លោះគន្លងផែនដី និងភពអង្គារ (Mars) មិនមែននៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ឡើយ (Jupiter)។ បច្ចុប្បន្ន Bennu ស្ថិតនៅចម្ងាយប្រហែល ១២២លានគីឡូម៉ែត្រពីផែនដី ដោយវាគោចរមួយជុំព្រះអាទិត្យជារៀងរាល់ ១.២ឆ្នាំលើផែនដី និងធ្វើដំណើរមកកៀកភពរបស់យើងជារៀងរាល់ ០៦ឆ្នាំម្តង។ Bennu ត្រូវគេព្យាករណ៍ថា វាមានលទ្ធភាពដ៏តូចមួយថាអាចមកបុកផែនដី នៅចុងសតវត្សរ៍ទី ២២។
មូលហេតុមួយផ្សេងទៀតដែលគេជ្រើសរើសយកវា ក្នុងចំណោមអាចម៍ផ្កាយជាង ៥០០,០០០ទៀត ដែលគេស្គាល់ក្នុងប្រព័ន្ធព្រះអាទិត្យ គឺដោយសារតែសមាសធាតុផ្សំ ដែលសម្បូរទៅដោយសារធាតុកាបូនរបស់វា។ អាចម៍ផ្កាយចំណាស់ដូចជា Bennu គឺមានលក្ខណៈស្រដៀងនឹងផែនដី នៅពេលដែលជីវិតចាប់ផ្តើមវិវត្តន៍ឡើង៕