(ប៉ារីស)៖ ក្រុមបាតុករមួយចំនួនមកពីក្រុមបាតុករអាវកាក់ពណ៌លឿង បានសម្រេចចិត្តមិនចូលរួមក្នុងកិច្ចចរចាជាមួយ នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ ហ្វីលីព (Edouard Philippe) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
ការសម្រេចចិត្តរបស់ក្រុមបាតុករខាងលើ ធ្វើឡើងបន្ទាប់ពីពួកគេបានអះអាងថា ទទួលបានការគំរាមសម្លាប់ពីសំណាក់ ក្រុមបាតុករដទៃទៀត បើសិនជាហ៊ានចូលអង្គុយចរចាជាមួយរដ្ឋាភិបាលប្រធានាធិបតីលោក ម៉ាក្រុង។ ក្រុមបាតុករអាវកាក់ពណ៌លឿងបានដឹកនាំធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃ នៅទូទាំងប្រទេសបារាំង តាំងតែពីពាក់កណ្ដាលខែវិច្ឆិកាមកម្ល៉េះ ហើយបច្ចុប្បន្នការតវ៉ានេះ កាន់តែមានសភាពធ្ងន់ធ្ងរឡើង រីឯអំពើហិង្សាបានផ្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសនៅទីក្រុងប៉ារីសតែម្ដង។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរបារាំង មនុស្ស ០៣នាក់ហើយបានបាត់បង់ជីវិតនៅក្នុងបាតុកម្មតវ៉ារបស់ក្រុមអាវកាក់ពណ៌លឿង គិតចាប់តាំងពីពាក់កណ្ដាលខែវិច្ឆិកាមក។ ដោយឡែកកាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe ក៏បានជួបពិភាក្សាជាមួយមេដឹកនាំគណបក្សប្រឆាំងផងដែរ ប៉ុន្តែនៅក្នុងជំនួបនោះមេបក្សប្រឆាំងស្ដាំនិយមលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានព្រមានថា ប្រឈមមុខនឹងវិបត្តិបច្ចុប្បន្ន លោក ម៉ាក្រុង អាចនឹងក្លាយជា ប្រធានាធិបតីបារាំងដំបូងគេបំផុត ដែលបញ្ជាឱ្យអាជ្ញាធរបាញ់ប្រហារលើប្រជាជនខ្លួនឯង ក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ៕