(ការ៉ាកាស់)៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្កាន់ បានរិះគន់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងប្រទេសវេណេស៊ុយអេឡា ហើយថាការដាក់ទណ្ឌកម្មមិនមែនជាដំណោះស្រាយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
លោក អឺដូហ្កាន់ ធ្វើការកត់សម្គាល់បែបនេះនៅអំឡុងបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងការ៉ាកាស់ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់នាឱកាសនោះយ៉ាងដូច្នេះថា «បញ្ហា ឬវិបត្តិនយោបាយមិនអាចដោះស្រាយតាមរយៈការដាក់ទណ្ឌកម្មនោះទេ... ហើយយើងក៏មិនយល់ស្របដែរចំពោះវិធានការបែបនេះ ដែលជាការមិនខ្វល់ទាល់តែសោះពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ»។
គួរជម្រាបថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងនឹងក្រុមមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយចោទថា ពួកគេបានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ប៉ុន្តែព្រមពេលជាមួយគ្នា ទំនាក់ទំនងរវាងតួកគី និងសហរដ្ឋអាមេរិកក៏មិនសូវជាល្អប៉ុន្មានដែរ ជាពិសេសជុំវិញការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី៕