(ម៉ូស្គូ)៖ រុស្ស៊ីមានគំរោងផលិតនាវាមុជទឹកបំពាក់មីស៊ីលបាលិស្ទីគ (មីស៊ីលផ្លោងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) ប្រភេទបូរី (Borey-class) ចំនួន០២គ្រឿងបន្ថែមទៀត នៅរយៈពេល ១០ឆ្នាំខាងមុខ ដែលនេះនឹងធ្វើឱ្យនាវាមុជទឹកបំពាក់មីស៊ីលបាលិស្ទីគរបស់ទីក្រុងម៉ូស្គូកើនដល់ ១១គ្រឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
សារព័ត៌មាន Sputnik បានឱ្យដឹងទៀតថា កាលពីសប្ដាហ៍មុនរុស្សីបានធ្វើតេស្ដសាកល្បងនាវាមុជទឹក ព្រីនស៍ វ្លាឌីមៀ (Prince Vladimir) ដែលជាប្រភេទនាវាមុជទឹក Borey-class មានសមត្ថភាពបំពាក់មីស៊ីលបាលិស្ទីគ។ នាវាមុជទឹក Borey-class មានទម្ងន់ ២៤,០០០តោន និងមានអាចបំពាក់មីស៊ីលបាលិស្ទីគបានបង្ហាញខ្លួនជាលើកដំបូង នៅឆ្នាំ២០០៧ ហើយវាត្រូវបានផលិតឡើងនៅ ឯទីក្រុងសេវែរ៉ូដវីងក៍ (Severodvinsk) នៃភាគខាងជើងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា នាវាមុជទឹកបំពាក់មីស៊ីលបាលិស្ទីគប្រភេទ Borey-class ចំនួន០២គ្រឿងខាងលើ នឹងត្រូវចាប់ផ្ដើមផលិតនៅឆ្នាំ២០២៤។ ប៉ុន្តែទន្ទឹមគ្នា នាវាមុជទឹកទាំងពីរគ្រឿងនេះមិនទាន់មានឈ្មោះនៅឡើយទេ។ ការប្រកាសរបស់រុស្ស៊ីនៅពេលនេះ គឺកើតមានឡើងស្របពេលដែលខ្លួនកំពុងប្រឈមមុខភាពតានតឹងជាមួយអ៊ុយក្រែន និងអ្នកកាងនៅពីក្រោយអ៊ុយក្រែន៕