(ឡុងដ៍)៖ ប្រធានទីភ្នាក់ងារស៉ើបការណ៍សំងាត់អង់គ្លេស MI6 លោក Alex Younger នៅថ្ងៃចន្ទនេះបានព្រមានរុស្ស៊ីត្រង់ៗ កុំឱ្យមើលស្រាល និងលូកដៃចូលកិច្ចការផ្ទៃក្នុងនៃបណ្ដាប្រទេសលោកខាងលិច ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងស្គាល់ភាពតានតឹង បន្ទាប់ពីអតីតទីភ្នាក់ងារស៉ើបការណ៍សំងាត់រុស្ស៊ីម្នាក់ត្រូវបានគេព្យាយាមបំពុលសម្លាប់នៅលើ ទឹកដីអង់គ្លេស កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងទៅកាន់និស្សិតនៃសាកលវិទ្យាល័យ University of St Andrews ក្នុងប្រទេសស្កុតលែន លោក Alex Younger បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖«រុស្ស៊ីបានប្រើប្រាស់អាវុធគីមីនៅលើទឹកដីអង់គ្លេស...តែយើងចង់ឱ្យរុស្ស៊ីដឹងថាពួកគេមិន អាចកេងចំណេញផលប្រយោជន៍ពីសកម្មភាពបែបនេះ ដោយទទេៗនោះទេ។ មួយវិញទៀត ខ្ញុំចង់និយាយថាទោះបីជារុស្ស៊ី ចង់បង្កអស្ថេរភាពដល់ពួកយើង តែពួកយើងមិនបានព្យាយាមបង្កជម្លោះ ឬបង្កអស្ថេរភាពជាមួយរុស្ស៊ីឡើយ»។
គួរជម្រាបថា លោក Alex Younger មានអាយុ៥៥ឆ្នាំ ត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារស៉ើបការណ៍សំងាត់អង់គ្លេស MI6 កាលពីឆ្នាំ២០១៤៕