(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងការបរទេសតួកគី បានសម្រេចចេញសារព្រមានដល់ពលរដ្ឋរបស់ខ្លួន ដែលមានបំណងចង់ធ្វើដំណើរទៅកាន់ប្រទេសបារាំង នៅចំពោះមុខការផ្ទុះបាតុកម្មហិង្សា នៅឯរដ្ឋធានីប៉ារីស ព្រមទាំងទីក្រុងដទៃៗទៀត៕
២៖ ក្រុមហ៊ុនអាកាសចរណ៍ហ្វីជី (Fiji Airways) នាថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការទទួលស្វាគមន៍យន្តហោះ Boeing 737 MAX 8 គ្រឿងទីមួយក្នុងចំណោម ០៥គ្រឿង ដែលខ្លួនបានកុម៉្មង់ទិញពីក្រុមហ៊ុន Boeing នៅឯអាកាសយានដ្ឋានអន្តរជាតិ Nadi នៃប្រទេសដីកោះតូចនេះ៕
៣៖ មានរឿងគួរឲ្យអបអរមួយទៀតហើយ សម្រាប់ទីភ្នាក់ងារអវកាសអាមេរិក NASA បន្ទាប់ពីការចុះចតដោយជោគជ័យរបស់យាន InSight នៅភពអង្គារ (Mars) កាលពីអាទិត្យមុន ដោយនាថ្ងៃចន្ទសប្តាហ៍នេះ យានស្រាវជ្រាវមួយគ្រឿងរបស់ NASA នឹងទៅដល់អាចម៍ផ្កាយដែលជាគោលដៅរបស់វាហើយ ក្រោយការធ្វើដំណើរអស់ជាច្រើនខែ៕
៤៖ កងទ័ពអាកាសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាមានរយៈពេល៥ថ្ងៃរបស់ខ្លួនហើយ បន្ទាប់ពីបានផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨នេះ៕
៥៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងប៉េកាំងបានយល់ព្រមបន្ថយអត្រាពន្ធលើរថយន្ត ដែលនាំចូលកាន់ប្រទេសចិនពីសហរដ្ឋអាមេរិកហើយ៕
៦៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ា និងអ៊ីស្លាម៉ាបាដបានព្រមព្រៀងគ្នាស្វែងរកម៉ាស៊ីនថ្មីសម្រាប់ឧទ្ធម្ភាគចក្រប្រភេទប្រយុទ្ធចំនួន ៣០គ្រឿង ដែលត្រូវផលិតឡើងដោយតួកគី ក្រោយពីសហរដ្ឋអាមេរិកបានសម្រេចបង្ខាំងការផ្គត់ផ្គង់ ដែលទំនងជាការសងសឹករបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៉ី៕