(អង់ការ៉ា)៖ ក្រសួងការបរទេសតួកគី បានសម្រេចចេញសារព្រមានដល់ពលរដ្ឋរបស់ខ្លួន ដែលមានបំណងចង់ធ្វើដំណើរទៅកាន់ប្រទេសបារាំង នៅចំពោះមុខការផ្ទុះបាតុកម្មហិង្សា នៅឯរដ្ឋធានីប៉ារីស ព្រមទាំងទីក្រុងដទៃៗទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសារព្រមានខាងលើ ក្រសួងការបរទេសតួកគីបានណែនាំឲ្យពលរដ្ឋតួកគីទាំងអស់ ដែលរស់នៅ ឬមានគម្រោងធ្វើដំណើរចាកចេញទៅកាន់ប្រទេសបារាំង គួរតែចៀសវៀងតំបន់នានាដែលមានការធ្វើបាតុកម្ម ហើយនៅឲ្យឆ្ងាយពីកន្លែងមានគ្រោះថ្នាក់ផ្សេងៗ។
គួរជម្រាបថា ចលនាបាតុកម្មដែលគេហៅថា «Yellow Vests Protest (បាតុកម្មអាវកាក់ពណ៌លឿង)» មានគោលដៅបង្ហាញការខឹងសម្បាររបស់ប្រជាជនបារាំង ប្រឆាំងនឹងការកើនឡើងនៃថ្លៃសាំង និងទំនិញនានា ហើយការធ្វើបាតុកម្មដែលចាប់ផ្តើមឡើងដោយសន្តិវិធីនេះ បានប្រែក្លាយទៅជាអំពើហិង្សាយ៉ាងកក្រើកនៅទីក្រុងប៉ារីស ដែលបានបង្កឲ្យមនុស្ស ០៣នាក់ទៅហើយស្លាប់ និងរាប់រយនាក់ទៀតរងរបួស៕