(ស៊ូវ៉ា)៖ ក្រុមហ៊ុនអាកាសចរណ៍ហ្វីជី (Fiji Airways) នាថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការទទួលស្វាគមន៍យន្តហោះ Boeing 737 MAX 8 គ្រឿងទីមួយក្នុងចំណោម ០៥គ្រឿង ដែលខ្លួនបានកុម៉្មង់ទិញពីក្រុមហ៊ុន Boeing នៅឯអាកាសយានដ្ឋានអន្តរជាតិ Nadi នៃប្រទេសដីកោះតូចនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងក្នុងពិធីទទួលស្វាគមន៍យន្តហោះដឹកអ្នកដំណើរខាងលើ ដែលត្រូវគេដាក់ឈ្មោះឲ្យថា «កោះកាដាវូ» លោក អាន់ដ្រេ វីលចូអេន (Andre Viljoen) ប្រធានគ្រប់គ្រង និងជានាយកប្រតិបត្តិរបស់ Fiji Airways បានលើកឡើងថា Boeing MAX 8 គឺជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ក្នុងការបន្តភាពរីកចម្រើនទៅមុខជារៀងរាល់ឆ្នាំ។
គួរជម្រាបថា Fiji Airways បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេ ក្នុងប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិកមួយនេះ ដែលមានយន្តហោះម៉ូដែល Boeing 737 MAX 8 ដែលជាផលិតថ្មី និងលក់ដាច់បំផុតរបស់ Boeing។ ក្រុមហ៊ុនអាកាសចរណ៍ Fiji Airways ផ្តល់សេវា ហោះហើរទៅកាន់ ១៣ប្រទេស និង ២៣ទីក្រុងនៅជុំវិញពិភពលោក៕