(អាមេរិក)៖ មានរឿងគួរឲ្យអបអរមួយទៀតហើយ សម្រាប់ទីភ្នាក់ងារអវកាសអាមេរិក NASA បន្ទាប់ពីការចុះចតដោយជោគជ័យរបស់យាន InSight នៅភពអង្គារ (Mars) កាលពីអាទិត្យមុន ដោយនាថ្ងៃចន្ទសប្តាហ៍នេះ យានស្រាវជ្រាវមួយគ្រឿងរបស់ NASA នឹងទៅដល់អាចម៍ផ្កាយដែលជាគោលដៅរបស់វាហើយ ក្រោយការធ្វើដំណើរអស់ជាច្រើនខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
យានអវកាស OSIRIS-REx របស់អង្គការ NASA នឹងធ្វើដំណើរទៅដល់អាចម៍ផ្កាយឈ្មោះថា Bennu នាវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ថ្ងៃចន្ទ (ម៉ោងនៅអាមេរិក) ដែលនឹងត្រូវនឹងម៉ោង ១២៖០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ (ពេលវេលានៅកម្ពុជា)។ ការទៅដល់គោលដៅនេះ នឹងកើតមានឡើង ក្រោយការចំណាយពេល ២៧ខែរបស់ OSIRIS-REx ក្នុងការធ្វើដំណើរឆ្លងកាត់ទីអវកាស។
យាន OSIRIS-REx ដែលមានតម្លៃ ៨០០លានដុល្លារ ត្រូវបានបាញ់បង្ហោះចេញពីផែនដី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីឆ្ពោះទៅកាន់អាចម៍ផ្កាយមានទំហំមុខកាត់៥០០ម៉ែត្រនេះ។ នៅពេលទៅដល់ OSIRIS-REx នឹងរក្សារយៈចម្ងាយប្រហែល ២០គីឡូម៉ែត្រពី Bennu។ បន្ទាប់មកទៀត យាន OSIRIS-REx នឹងហោះក្រឡឹងជុំវិញអាចម៍ផ្កាយ Bennu ម្តងហើយម្តងទៀត សម្រាប់រយៈពេលបួនសប្តាហ៍ ដើម្បីប្រមូលយកទិន្នន័យ ដែលនឹងជួយដល់ក្រុមការងារបេសកកម្មក្នុងការកំណត់ម៉ាស់របស់ដុំថ្មអវកាសនេះ។
នៅថ្ងៃទី៣១ ខែធ្នូ OSIRIS-REx នឹងចូលទៅនៅក្នុងគន្លងរបស់ Bennu ជាទីដែលវានឹងធ្វើការសិក្សាទៅលើអាចម៍ផ្កាយនេះពីចម្ងាយ សម្រាប់រយៈពេល ១៨ខែ មុនចុះទៅទីនោះផ្ទាល់ដើម្បីប្រមូលយកគំរូតាង នៅពាក់កណ្តាលឆ្នាំ២០២០។ ជាចុងក្រោយ OSIRIS-REx នឹងចាកចេញពី Bennu នៅខែមីនា ឆ្នាំ២០២១ ហើយគំរូតាងរបស់ Bennu នឹងត្រឡប់មកផែនដីវិញ តាមយានពិសេសមួយនៅខែកញ្ញា ឆ្នាំ២០២៣។
អាចម៍ផ្កាយ Bennu ត្រូវបានគេចាត់ទុកថា ជាអាចម៍ផ្កាយអាចបង្កគ្រោះថ្នាក់មួយ ដោយសម្អាងថា នៅចុងសតវត្សរ៍ទី២២ មានលទ្ធភាពតូចមួយថាវាអាចនឹងមកបុកផែនដី។ OSIRIS-REx មិនមែនជាបេសកកម្មប្រមូលគំរូតាងអាចម៍ផ្កាយ ដែលកំពុងដំណើរការតែឯងនោះទេ។ បច្ចុប្បន្នយាន Hayabusa2 របស់ជប៉ុន កំពុងគោចរជុំវិញអាចម៍ផ្កាយមួយដុំទំហំ ៩០០ម៉ែត្រឈ្មោះថា Ryugu ដែលមានរាងដូច Bennu ដែរ គឺដូចត្បូងពេជ្រ។ Hayabusa2 នឹងប្រមូលគំរូតាងរបស់ Ryugu នៅឆ្នាំក្រោយ ហើយបញ្ជូនវាមកកាន់ផែនដី នៅចុងឆ្នាំ២០២០ ក្នុងករណីដែលអ្វីៗប្រព្រឹត្តទៅយ៉ាងរលូន តាមការគ្រោងទុកទាំងអស់៕