(ហាណូយ)៖ ក្រុមហ៊ុនវៀតណាមដែលមានតម្លៃធំបំផុតលើទីផ្សារឈ្មោះថា Vingroup នឹងបញ្ចេញស្មានហ្វូតដំបូងបំផុតរបស់ខ្លួនចំនួន ០៤ម៉ូដែល នៅសប្តាហ៍ក្រោយ ដែលកំពុងបង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងពិភពបច្ចេកវិទ្យាវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
ក្រោមផ្នែកនៃការប្រែក្លាយខ្លួនទៅជា ក្រុមហ៊ុនបច្ចេកវិទ្យា និងឧស្សាហកម្មដ៏ធំមួយនៅវៀតណាម Vingroup ដែលធ្លាប់តែផ្តោតសំខាន់ទៅលើវិស័យអចលនទ្រព្យនោះ បានធ្វើសេចក្តីប្រកាសនាថ្ងៃចន្ទនេះថា ខ្លួននឹងបញ្ចញស្មាតហ្វូនចំនួន ០៤ម៉ូដែល នៅក្រោមឈ្មោះម៉ាកសញ្ញា ឬ Brand «Vsmart»។ កាលពី០២ខែមុន ក្រុមហ៊ុននេះទើបតែបានក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេប៉ុណ្ណោះរបស់វៀតណាម។
បើតាម Vingroup ស្មាតហ្វូន Vsmart កំពុងស្ថិតក្រោមការផលិតនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន មានទីតាំងនៅទីក្រុង ហៃហ្វុង (Haiphong) ភាគខាងជើងប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតទូរស័ព្ទដៃប្រមាណ ០៥លានគ្រឿងក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលដំបូង។
គួរជម្រាបថា ក្រុមហ៊ុន Vingroup នឹងត្រូវប្រជែងរកភាពជោគជ័យសម្រាប់ស្មាតហ្វូនថ្មីថ្មោងរបស់ខ្លួន នៅក្នុងប្រទេសមានប្រជាជនរស់នៅប្រមាណ ៩៥លាននាក់នេះ ដែលគ្រប់ដណ្តប់ដោយឥទ្ធិពលរបស់ Samsung និង Apple។ ក្រុមហ៊ុន Vingroup បានបញ្ជាក់ទៀតថា រោងចក្រផលិតស្មាតហ្វូន Vsmart នាថ្ងៃអនាគតក៏នឹងធ្វើការផលិត Smart TV ព្រមទាំងផលិតផលវៃឆ្លាត (Smart Product) ដទៃៗទៀតផងដែរ៕