(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងប៉េកាំងបានយល់ព្រមបន្ថយអត្រាពន្ធលើរថយន្ត ដែលនាំចូលកាន់ប្រទេសចិនពីសហរដ្ឋអាមេរិកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
តាមរយៈបណ្តាញសង្គម Twitter លោក ដូណាល់ ត្រាំ បានបង្ហោះសារថា ចិនបានយល់ព្រមកាត់បន្ថយពន្ធលើរថយន្តអាមេរិក ដែលនាំចូលទៅកាន់ប្រទេសខ្លួន ខណៈអត្រាពន្ធបច្ចុប្បន្នគឺ ៤០ភាគរយ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង នៅចំពោះមុខស្ថានការណ៍វិវត្តន៍ថ្មីៗ នៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានឯកភាពគ្នាថា នឹងពុំមានការដំឡើងពន្ធសងសឹកគ្នាទៀតឡើយ ចាប់ពីឆ្នាំក្រោយតទៅ ខណៈដែលកិច្ចចរចារវាងប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅជាបន្តបន្ទាប់។
គួរជម្រាបថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ក្នុងសង្រ្គាមពាណិជ្ជកម្មយ៉ាងក្តៅគគុកក្រោយពីលោក ត្រាំ បានប្រកាសដាក់ចេញនូវការដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមកាលពីខែមីនា។ ភាពតានតឹងកាន់តែបន្តពុះកញ្ច្រោលឡើង នៅចុងខែឧសភា នៅពេលរដ្ឋាភិបាលអាមេរិកបានប្រកាសថា ទំនិញចិនទំហំ ៥០ពាន់លានដុល្លារ នឹងត្រូវរងការយកពន្ធ ២៥ភាគរយ ជាហេតុបង្ខំឲ្យមានវិធានការឆ្លើយតបភ្លាមៗ ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង៕