(ដូហា)៖ រដ្ឋមន្ត្រីថាមពលកាតាលោក សាអាដ ហ្សែរីដា កាអាប៊ី (Saad Sherida Kaabi) បានឱ្យដឹងថា ទីក្រុងដូហាមានបំណងដកខ្លួន ចេញពីអង្គការនៃបណ្ដាប្រទេសអ្នកនាំចេញប្រេង (OPEC) នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ហើយថានឹងធ្វើបទបង្ហាញពីការសម្រេចចិត្តនេះដល់អង្គការ OPEC នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Kaabi បានបន្ថែមដែរថា អង្គការ OPEC បានទទួលព័ត៌មាននេះហើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុ នៃការសម្រេចចិត្តដកខ្លួននេះឡើយ ខណៈអង្គប្រេងដ៏ធំជាងគេនៅលើពិភពលោកមួយនេះ ត្រូវបានគេរំពឹងថានឹងអនុវត្តការកាត់បន្ថយការផលិតប្រេង ក្រោយកិច្ចប្រជុំមួយនៅក្នុងខែធ្នូនេះ។
គួរជម្រាបថា អង្គការ OPEC គឺជាអង្គការអន្តររដ្ឋាភិបាលត្រូវបានបង្កើតឡើង នៅឯសន្និសីទក្នុងទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១០-១៤ ខែកញ្ញា ឆ្នាំ១៩៦០ ដោយប្រទេសអ៉ីរ៉ាក់ អ៊ីរ៉ង់ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងវេណេស៊ុយអេឡា។ កាតាគឺជាប្រទេសដែលផលិតបានច្រើនបំផុតលំដាប់ទីប៉ុណ្ណោះ ១៧ នៅលើពិភពលោក ប៉ុន្តែសម្រាប់ឧស្ម័នធម្មជាតិ ឬហ្គាសវិញប្រទេសដ៏តូចនេះជាប់លេខ ២ បន្ទាប់ពីមហាយក្សរុស្ស៊ី៕