(អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ា និងអ៊ីស្លាម៉ាបាដបានព្រមព្រៀងគ្នាស្វែងរកម៉ាស៊ីនថ្មីសម្រាប់ឧទ្ធម្ភាគចក្រប្រភេទប្រយុទ្ធចំនួន ៣០គ្រឿង ដែលត្រូវផលិតឡើងដោយតួកគី ក្រោយពីសហរដ្ឋអាមេរិកបានសម្រេចបង្ខាំងការផ្គត់ផ្គង់ ដែលទំនងជាការសងសឹករបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៉ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Russia Today (RT) នៅរសៀលថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
កាលពីខែកក្កដាកន្លងទៅ តួកគី និងប៉ាគីស្ថានបានចុះកិច្ចព្រមព្រៀងទិញ-លក់សព្វាវុធធំបំផុតមិនធ្លាប់មានរវាងប្រទេសទាំងពីរ ក្រោយការចរចាអស់រយៈពេល ០៤ឆ្នាំ ដោយក្នុងនោះតម្រូវឲ្យក្រុមហ៊ុនតួកគី Turkish Aerospace Industries (TAI) ផលិតឧទ្ធម្ភាគចក្រប្រយុទ្ធ T129 ចំនួន ៣០គ្រឿង សម្រាប់ផ្គត់ផ្គង់ឲ្យយោធាប៉ាគីស្ថាន ក្នុងតម្លៃ១.៥ពាន់លានដុល្លារ។
យ៉ាងណាមិញ កិច្ចព្រមព្រៀងខាងលើបានជួបឧបសគ្គរាំងស្ទះធំមួយ បន្ទាប់ពីក្រុមហ៊ុន TAI មិនអាចទទួលបានអាជ្ញាប័ណ្ណនាំចេញពីក្រសួងការពារជាតិអាមេរិក ពីព្រោះថាអាជ្ញាប័ណ្ណនេះ ត្រូវការចាំបាច់សម្រាប់ផ្នែកនានារបស់ម៉ាស៊ីនឧទ្ធម្ភាគចក្រ ដែលផលិតឡើងដោយអាមេរិក។ ម៉ាស៊ីនខាងលើនេះ គឺជាប្រភេទ LHTEC T800-4A ត្រូវបានផលិតឡើងរួមគ្នាដោយក្រុមហ៊ុនអាមេរិក Honeywell និង Rolls-Royce របស់ចក្រភពអង់គ្លេស។
ដោយសារតែបញ្ហារឿងអាជ្ញាប័ណ្ណនេះ ទំនងជាមិនអាចដោះស្រាយទៅរួច ប៉ាគីស្ថាន និងតួកគី បានឯកភាពគ្នាស្វែងរកម៉ាស៊ីនថ្មីមកជំនួសវិញ ខណៈក្រុមហ៊ុននៅបារាំង និងប៉ូឡូញ ត្រូវគេរាយការណ៍ថា កំពុងស្ថិតក្រោមការពិចារណាដើម្បីជ្រើសយកធ្វើជាអ្នកផ្គត់ផ្គង់។
គួរជម្រាបថា បើតាមមន្រ្តីការពារជាតិតួកគី ការរាំងខ្ទប់អាជ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិក គឺជាការដាក់ពិន័យទៅលើទីក្រុងអង់ការ៉ា សម្រាប់ការទិញយកប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៉ី ដោយផ្គើននឹងការព្រមានរបស់វ៉ាស៊ីនតោន៕