(អាមេរិក)៖ មនុស្សសរុប ២៥នាក់បានទទួលរងរបួស និងអគារ-លំនៅឋានជាង ១០០ខ្នង រងការបំផ្លិចបំផ្លាញ ដោយសារតែព្យុះកំណាចថូរណាដូ (Tornado) បានវាយប្រហាររដ្ឋអ៊ីលីណយស៍ ភាគកណ្តាលនៃសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារតាមដានអាកាសធាតុអាមេរិក ព្យុះកំណាចខាងលើនេះបានបង្កការខូចខាតធ្ងន់ធ្ងរខ្លាំងជាងគេនៅក្នុងទីក្រុង ថាយឡឺវាល (Taylorville) នៃរដ្ឋអ៊ីលីណយស៍ ហើយសាលារៀន និងអគារសាធារណជាច្រើន តម្រូវឲ្យបិទទ្វារជាបណ្តោះអាសន្នរហូតដល់ដើមសប្តាហ៍នេះ ខណៈក្រុមសង្គ្រោះកំពុងដឹកនាំការសម្អាតកន្លែងរងគ្រោះ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុននេះ នៅក្នុងរដ្ឋអ៊ីលីណយស៍ទាំងមូល មានព្យុះកំណាចថូរណាដូ (ខ្យល់កួចដ៏កំណាច) បានកើតឡើងរហូតដល់ទៅ ២២ទីតាំងឯណោះ តែជាសំណាងល្អបំផុតដែលគ្មានមនុស្សណាម្នាក់ រងគ្រោះបាត់បង់ជីវិតនោះឡើយ។ រំលឹកកាលពីឆ្នាំមុន ព្យុះកំណាចដូចគ្នានេះបានកើតឡើងនៅរដ្ឋវីសខុនសិន (Wisconsin) ភាគខាងលិចសហរដ្ឋអាមេរិក បានសម្លាប់មនុស្សម្នាក់ និងបង្ករបួស២៥នាក់៕