(ឡាសវែហ្គាស)៖ គ្មាននរណាអាចទប់អារម្មណ៍បានឡើយ ពេលឃើញហេតុការណ៍បែបនេះ ដោយយន្តហោះមួយគ្រឿងចេញពីដំណើរពីទីក្រុង ឡាសវែហ្គាស រដ្ឋណេវ៉ាដា ភាគខាងលិច សំដៅទៅកាន់រដ្ឋផ្លូរីដា ដែលស្ថិតនៅភាគនិរតីសហរដ្ឋអាមេរិកនោះ នៅសុខៗស្រាប់តែសន្ទះម៉ាស៊ីននៅស្លាបមួយចំហៀងរបស់វា បានរបូតចេញខ្ទេចតែម្តង ហើយអ្នកដំណើរទាំងអស់បានជ្រួលច្របល់ និងខ្លះទៀតស្រែកទ្រហោធំ ព្រោះគិតថា យន្តហោះនឹងធ្លាក់ហើយនាគ្រានោះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
យន្តហោះកើតហេតុខាងលើនេះ គឺជារបស់ក្រុមហ៊ុនអាកាសចរណ៍ ហ្វ្រុនធៀ (Frontier Airlines) នៃសហរដ្ឋអាមេរិក ដោយបានផ្ទុះករណីរបើកគំរបម៉ាស៊ីនខាងលើនេះ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ អ្នកដំណើរឈ្មោះ ហ្គាន់ណឺសុន (CJ Gunnerson) បានផ្ញើរូបថតមួយចំនួន និងសាររៀបរាប់ពីស្ថានភាពជាក់ស្តែងនាគ្រានោះ ទៅកាន់មិត្តរបស់លោកឈ្មោះ ប្រ៊ែនដុន រីតទីមែន (Brandon Rittiman) ដែលបម្រើការងារឲ្យទីភ្នាក់ងារព័ត៌មានអាមេរិក ABC10។
តាមរយៈរូបភាពនោះ អ្នកសារព័ត៌មានឈ្មោះ Rittiman បង្ហោះនៅលើបណ្តាញ Twitter របស់លោកថា «យន្តហោះមួយគ្រឿងដែលមានមនុស្សជិះ ១៧៧នាក់ បានធ្វើការចុះចតជាបន្ទាន់ទៅវិញនៅក្នុងព្រលានយន្តហោះទីក្រុង ឡាសវែហ្គាស (Las Vegas) បន្ទាប់ពីគំរបម៉ាស៊ីនខាងឆ្វេងរបស់វា បានរបូតចេញអស់នៅពេលយន្តហោះនោះ ហោះហើរឡើងដល់កណ្តាលអាកាសទៅហើយ»។
បើតាមលោក Gunnerson ដែលស្ថិតនៅលើយន្តហោះនោះផ្ទាល់ បានប្រាប់លោក Rittiman ថា «វាប្រៀបបីដូចជាភាពកោលាហលមួយ បានកើតមានឡើងនៅលើយន្តហោះនោះអ៊ីចឹង...។ អ្នកដំណើរមួយចំនួនបានក្រោកឈរឡើងហើយស្រែក និងខ្លះទៀតប្រើដៃគោះដំបូលយន្តហោះទៀតផង...»។ បន្ថែមពីនេះអ្នកដំណើរមួយចំនួនទៀតស្រែកយំ និងខ្លះបានផ្តែផ្តាំមនុស្សដែលខ្លួនស្រឡាញ់ព្រោះគិតថា ពួកគេនឹងមិនរស់នៅនោះឡើយ។
គួរបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏យន្តហោះប្រភេទ Airbus A320 នោះមិនបានជួបគ្រោះថ្នាក់អ្វីនោះឡើយ ដោយបានបកត្រឡប់មកចុះចតនៅព្រលានយន្តហោះទីក្រុង Las Vegas វិញ។ ក្រុមហ៊ុន Frontier Airlines បានសម្រេចប្រគល់ថ្លៃសំបុត្រជូនអ្នកដំណើរទាំងអស់វិញ និងមានកាដូជាសំបុត្រធ្វើដំណើរដោយឥតគិតថ្លៃ នៅជើងយន្តហោះក្រោយៗទៀតសម្រាប់អ្នកដំណើរទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានប័ណ្ណទឹកប្រាក់ ៥០០ដុល្លារ៕