(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានបើកកិច្ចប្រជុំសន្តិសុខជាបន្ទាន់មួយ ដើម្បីរកវិធានការទប់ស្កាត់ភាពចលាចល ដែលបង្កឡើងដោយបាតុកម្មប្រឆាំងសាំងឡើងថ្លៃ ដឹកនាំដោយក្រុមបាតុករអាវកាក់ពណ៌លឿង ខណៈមនុស្សស្លាប់បានកើនដល់ ០៣នាក់ហើយ នៅក្នុងមហាបាតុកម្មប៉ុន្មានសប្តាហ៍មកនេះ ខណៈរាប់រយនាក់ទៀតរងរបួស ក្នុងនោះរួមទាំងកងកម្លាំងការពារសន្តិសុខផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ក្រុមរដ្ឋមន្ត្រីបារាំងបាននិយាយថា ខណៈមិនមានជម្រើសណាមួយត្រូវបានដកចេញ ការប្រកាសដាក់រដ្ឋក្នុងភាពអាសន្នមិនត្រូវបានលើកយកពិភាក្សានោះទេ បើទោះជាមានសេចក្ដីរាយការណ៍ជាច្រើនថា រដ្ឋាភិបាលលោក ម៉ាក្រុង នឹងពិចារណាដាក់ប្រទេសក្នុងភាពអាសន្នក៏ដោយ។ ម្យ៉ាងវិញទៀតទោះបីជាមិនទាន់ រកឃើញដំណោះស្រាយក៏ដោយ ក្រុមមន្ត្រីរដ្ឋមន្ត្រីទាំងនេះនៅតែអំពានាវ ឱ្យក្រុមបាតុករអាវកាក់ពណ៌លឿងត្រឡប់មករក តុចរចាដោយសន្តិវិធីវិញ ស្របពេលលោក ម៉ាក្រុង បានថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមបាតុករមួយចំនួន ដែលបានប្រើហិង្សាប្រឆាំងនឹងអាជ្ញាធរបារាំង។
គួរបញ្ជាក់ថា បាតុកម្មប្រឆាំងសាំងឡើងថ្លៃ និងគោលនយោបាយរបស់លោក ម៉ាក្រុង ពីសំណាក់ក្រុមបាតុករអាវកាក់ពណ៌ លឿងបានឈានចូលសប្ដាហ៍ទីបីកាលពីចុងសប្តាហ៍មុននេះ។ បាតុកម្មតវ៉ាបានផ្ទុះឡើងខ្លាំងនៅក្នុងទីក្រុងប៉ារីស ជាទីដែល មនុស្ស ៤១២នាក់ត្រូវបានចាប់ខ្លួន និង ៣៧៨នាក់នៅតែបន្តជាប់ឃុំនៅឡើយ ខណៈ ១៣៣នាក់រងរបួស ដោយក្នុងនោះ ២៣នាក់ជាកងកម្លាំងសន្តិសុខបារាំង។
លើសពីនេះទៅទៀត អាជ្ញាធរបារាំងក៏បានឱ្យដឹងដែរថា មនុស្សប្រមាណ ១៣៦,០០០នាក់ ក្នុងនោះភាគច្រើនបានធ្វើការតវ៉ាដោយសន្តិវិធី បានចូលរួមក្នុងបាតុកម្មតវ៉ានៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន តែគេសង្កេតឃើញថា អំពើហិង្សាខ្លាំងក្លាបានកើតឡើងតែនៅកណ្ដាលទីក្រុងប៉ារីសប៉ុណ្ណោះ រហូតដល់ប៉ូលិសបង្ខំចិត្តប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកបង្ក្រាបក្រុម បាតុករមួយចំនួនដែលប្រដាប់ដោយដំបង ឬជំពាម និងដុតបំផ្លាញរថយន្ដ៕