(ម៉ូស្គូ)៖ នៅអំឡុងកិច្ចប្រជុំកំពូលអន្តរជាតិ G20 ប្រចាំឆ្នាំនៅឯប្រទេសអាហ្សង់ទីន កាលពីចុងសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានឈានដល់ការឯកភាពឡើយស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ជាមួយបណ្ដាមេដឹកនាំពិភពលោក ១៩ ប្រទេសផ្សេងទៀត ដូច្នេះវាហាក់បីជាកិច្ចប្រជុំកំពូល G20 ប្រែក្លាយទៅជា G19 វិញនៅក្នុងបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
កាលពីថ្ងៃសៅរ៍កន្លងទៅ (ពេលវេលានៅអាមេរិកខាងត្បូង) បណ្ដាមេដឹកនាំប្រទេស G20 បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយផ្ដោតសំខាន់លើបញ្ហាសំខាន់ៗ ក្នុងនោះរួមមានពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងការអភិវឌ្ឍ ព្រមទាំងកិច្ចព្រមព្រៀងស្ដីពីបញ្ហាបម្រែបម្រូលអាកាសធាតុ ទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ ជាដើម។ ប៉ុន្តែទន្ទឹមគ្នាលោក ដូណាល់ ត្រាំ នៅតែការពារការសម្រេចចិត្តរបស់លោក ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះដដែល។
គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក ប្រទេសចំនួន ១៩ ផ្សេងទៀតមានដូចជា បារាំង ចិន រុស្ស៊ី អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន និងអង់គ្លេសជាដើមសុទ្ធតែអះអាងដូចគ្នាថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ មិនអាចកែប្រែជាថ្មីនោះទេ ហើយប្ដេជ្ញាចិត្តគោរពក៏ដូចជាអនុវត្តតាមកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញ ដើម្បីថែរក្សានិរន្តរភាពបរិស្ថាននៃភពផែនដី ដើម្បីឲ្យកូនចៅជំនាន់អាចបន្តរស់នៅដោយសុខសាន្ត