(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong-ho) បានបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាមហើយ ក្រោយពីបានជួបពិភាក្សាជាលក្ខណៈទ្វេភាគី ជាមួយថ្នាក់ដឹកនាំវៀតណាមនៅអំឡុងពេលលោក និងគណៈប្រិភូកូរ៉េខាជើងស្ថិតនៅនៅក្នុងទីក្រុងហាណូយ កាលពីចុងសប្ដាហ៍មុននេះ។ នេះបើតាម KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅអំឡុងដំណើរទស្សននោះ លោក Ri បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ហ្សួនភុក (Nguyen Xuan Phuc) និងឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ (Pham Binh Minh) ប៉ុន្តែមិនបានបញ្ជាក់ លម្អិតពីប្រធានបទនៃកិច្ចពិភាក្សានោះឡើយ ខណៈមានសេចក្ដីរាយការណ៍ថា លោក Ri និងលោក Phuc បានផ្លាស់ប្ដូរយោបល់គ្នាពីកំណែទម្រង់សេដ្ឋកិច្ចវៀតណាមឈ្មោះ ដូយម៉ូយ (Doi Moi) ដែលត្រូវបានអ្នកជំនាញខ្លះយល់ថា កូរ៉េខាងជើងចង់យកគំរូតាម។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ០៤ថ្ងៃ ក្នុងប្រទេសវៀតណាម លោក Ri Yong-ho បានបន្តធ្វើដំណើរទៅកាន់ប្រទេសស៉ីរី កាលពីថ្ងៃអាទិត្យ ប៉ុន្តែពុំមានសារព័ត៌មានណាមួយបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅកាន់ប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមនោះ នៅក្នុងគោលដៅអ្វីឡើយ៕