(ប៉ារីស)៖ រដ្ឋាភិបាលបារាំង នឹងពិចារណាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ភាពចលាចលដែលបង្កឡើង ដោយបាតុកម្មតវ៉ាប្រឆាំងនឹងសំាងឡើងថ្លៃ និងជម្រុញឱ្យក្រុមបាតុករត្រឡប់មកតុចរចាដោយសន្តិវិធី។ នេះបើតាម អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក ប៊ិនចាមីន គ្រីវ៉ូ (Benjamin Griveaux) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
លោក គ្រីវ៉ូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Europe 1 នៅថ្ងៃអាទិត្យនេះ។ ថ្លែងនាឱកាសនោះ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«យើងនឹងពិចារណាលើវិធានការទាំងឡាយណា ដែលអាចគ្រប់គ្រងស្ថានការណ៍ ឬក៏ទប់ស្កាត់កុំឱ្យភាពចលាចលផ្ទុះឡើងជាថ្មី»។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរពីការប្រកាសដាក់ ប្រទេសក្នុងភាពអាសន្ន លោក គ្រីវ៉ូ បានឱ្យដឹងថាលោកប្រធានាធិបតីបារាំង ម៉ាក្រុង នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ នឹងពិភាក្សាគ្នាពីបញ្ហានេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃរបស់ក្រុមបាតុករអាវកាក់ពណ៌លឿន បានឈានដល់សប្ដាហ៍ទី៣ហើយ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ បាតុកម្មកាលពីថ្ងៃសៅរ៍ បានបង្កឱ្យមនុស្ស១១០នាក់ រងរបួស ក្នុងនោះមាន១៧នាក់ជាមន្ត្រី ប៉ូលិស ហើយបាតុករជាង២៧០ត្រូវចាប់ខ្លួន។ រីឯអាជ្ញាធបារាំងក៏ប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បី បំបែកហ្វូងបាតុករនៅក្នុងទីក្រុងបារីសផងដែរ ខណៈក្រុមបាតុករខ្លះបានដុតបំផ្លាញរថយន្ដ និងខ្លះទៀតមានដំបង នៅក្នុងដៃ៕