(អាហ្សង់ទីន)៖ ការចាប់ដៃស្វាគមន៍គ្នាដោយស្ទីល high-five រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងព្រះអង្គ ម្ចាស់រាទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិនសាល់ម៉ាន បានបង្កការភ្ញាក់ផ្អើល និងធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងនៅឯកិច្ចប្រជុំកំពូល G20 និងលើបណ្ដាញទំនាក់ទំនងសង្គម ខណៈក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ជំរុញឱ្យបណ្ដាមេដឹកនាំពិភពលោកដាក់សម្ពាធលើព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ា ជុំវិញសង្រ្គាមនៅយ៉េមែន និងករណីឃាតកម្មលើអ្នកកាសែត លោក Jamal Khashoggi។
លោក ពូទីន និងព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន បានចាប់ដៃស្ទីល high-five ដាក់គ្នាទៅវិញទៅមក ក្រោមទឹកមុខញញឹម ដោយមិនខ្វល់ឡើយពីបណ្ដាមដឹកនាំដទៃ នៅក្នុងកិច្ចប្រជុំ G20 នៅឯទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កាលពី ថ្ងៃសុក្រកន្លងទៅ។ ប៉ុន្តែទន្ទឹមគ្នា អង្គការសិទ្ធិមនុស្សអន្តរជាតិនានា ក៏បានបង្ហាញការសោកស្ដាយផងដែរ ដោយសារតែ មេដឹកនាំពិភពលោកភាគច្រើន ហាក់ដូចជាគិតគូរពីប្រយោជន៍វិនិយោគ និងពាណិជ្ជកម្មជាមួយទីក្រុងរីយ៉ាដ ជាជាង សង្រ្គាមនៅយ៉េមែន និងករណីឃាតកម្មលើអ្នកកាសែតជាជនជាតិអារ៉ាប៊ីសាអូឌីត លោក Khashoggi។
*មេដឹកនាំភាគច្រើនផ្ដោតតែទៅលើពាណិជ្ជកម្មជាមួយអារ៉ាប៊ីសាអូឌីត
នៅមុនកិច្ចប្រជុំ G20 ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri ធ្លាប់បាននិយាយថា សំណុំរឿងឃាតកម្មលើ អ្នកកាសែត Khashoggi អាចនឹងត្រូវបានលើកយកមកពិភាក្សាជាមួយបណ្ដាមេដឹកនាំដទៃ។ ប៉ុន្តែ នៅចុងបញ្ចប់ ពួកគេ មិនបានជជែកគ្នាពីសំណុំរឿងឃាតកម្មដ៏រសើបនេះទេ។ លើសពីនេះទៅទៀត ព្រះអង្គម្ចាស់ប៊ិនសាល់ម៉ាន បានជួបពិភាក្សា ការងារជាមួយមេដឹកនាំយ៉ាងហោចណាស់១២នាក់ នៅក្នុងកិច្ចប្រជុំ G20 ហើយក្នុងចំណោមនោះមានតែនាយករដ្ឋមន្ត្រី កាណាដា, នាយករដ្ឋមន្ត្រីអង់គ្លេស និងប្រធានាធិបតីបារាំងតែប៉ុណ្ណោះ ដែលអះអាងថាបានដាក់សម្ពាធឱ្យព្រះអង្គម្ចាស់ រាជទាយាទស៊ើបអង្កេតយ៉ាងពេញលេញលើការសម្លាប់លោក Khashoggi នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំ ទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា កន្លងទៅ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូល G20 ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន ទទួលបានការគំាទ្រពីបណ្ដាមេដឹកនាំជាច្រើនដូចជា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ជាដើម ដែលសុទ្ធតែសន្យាថានឹងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មជាមួយ ទីក្រុងរីយ៉ាដ៕
ប្រភព៖ Reuters (ថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នា២០១៨)។