(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចោទប្រកាន់អ៉ីរ៉ង់ថាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ រយៈចំងាយមធ្យមមួយគ្រាប់មានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់ទឹកដីអឺរ៉ុប ដែលនេះគឺជាទង្វើ រំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter នៅថ្ងៃសៅរ៍សប្ដាហ៍នេះ លោក Pompeo បានលើកឡើងដូច្នេះថា៖ «របបដឹកនាំអ៉ីរ៉ង់ទើបតែបានបាញ់ សាកល្បងមីស៊ីលបាលិស្ទីគរយៈចំងាយមធ្យមមួយគ្រាប់ មានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ មីស៊ីលក៏មានសមត្ថភាពអាចបាញ់ដល់តំបន់ខ្លះនៃទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ាទាំងមូល ហើយវាក៏ជាទង្វើរំលោភលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៣១ផងដែរ ដែលហាមអ៊ីរ៉ង់ក្នុងការធ្វើសកម្មភាព ពាក់ព័ន្ធនឹងមីស៊ីលបាលិស្ទីគបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ...»។
តែទោះជាយ៉ាងណាក៏ដោយ អ៉ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយណាមួយ ជុំវិញការចោទប្រកាន់នេះឡើយ ហើយសូម្បីតែលោក Pompeo ក៏មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទ និងទីតាំងធ្វើតេស្ដមីស៊ីលបាលិស្ទីគខាងលើដែរ៕