(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកកំពុងពិចារណាពីទីតាំងចំនួនបី ក្នុងនោះរួម ទាំងសហរដ្ឋអាមេរិក សម្រាប់រៀបចំកិច្ចប្រជុំកំពូលជាលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្ដហោះ Air Force One ក្នុងដំណើរផ្លូវចាកចេញពីប្រទេសអាហ្សង់ទីន ទៅកាន់ សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាលោកចង់ជួបជាមួយលោក គីម ជុងអ៊ុន នៅដើម ឆ្នាំ២០១៩ ហើយថាអាចនឹងអញ្ជើញលោក គីម មកកាន់សហរដ្ឋអាមេរិកក៏ថាបាន។ លោក ត្រាំ លើកឡើងដូច្នេះថា៖« យើងកំពុងមានទំនាក់ទំនងល្អណាស់ជាមួយគ្នា...យើងកំពុងមានទំនាក់ទំនងនឹងគ្នា ហើយខ្ញុំអាចនឹងពិចារណាអញ្ជើញលោក គីម មកកាន់សហរដ្ឋអាមេរិក»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នាម្ដងរួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលនៅឯប្រទេស សិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។ ចំណែកឯ ជំនួបលើកទី២រវាងមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថាអាចនឹងកំណត់ជាក់ លាក់ បើសិនជាលោក គីម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៉ីន ពិតជួបគ្នាក្នុងទីក្រុងសេអ៊ូល នៅដំណាច់ ឆ្នាំ២០១៨នេះ ដូចការគ្រោងទុកមែននោះ៕