(អាហ្សង់ទីន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងជាថ្មីម្ដងទៀតថា លោកមានទំនាក់ទំនងពិសេស បំផុតមិនគួរឱ្យជឿជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅមុនជំនួបជាមួយ លោក ស៉ី ជិនពីង កាលពីថ្ងៃសៅរ៍ (ម៉ោង នៅក្នុងតំបន់) នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្សង់ទីន។ លោក ត្រាំ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖«វាគឺជាទំនាក់ទំនងពិសេសបំផុតមិនគួរឱ្យជឿ។ ទំនាក់ទំនងដែលខ្ញុំមានជាមួយ លោកប្រធានាធិបតី ស៉ី គឺជាទំនាក់ទំនងដ៏ចម្បងមួយដែលខ្ញុំគិតថាអាចនឹងសម្រេចបាននូវសមិទ្ធផលដ៏ល្អសម្រាប់ចិន និងសហរដ្ឋអាមេរិក។ យើងពិតជាពេញចិត្តទំនាក់ទំនងនេះណាស់»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ ក៏ធ្លាប់លើកឡើងបែបនេះនៅក្នុងជំនួបជាមួយលោក ស៉ី ជិនពីង កាលពីឆ្នាំ២០១៧ ផងដែរ។ តែនៅទីបំផុត រដ្ឋបាលរបស់លោកបានតឡើងពន្ធរាប់ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិន និងកាន់តែ បង្កើនវត្តមានយោធានៅឯច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យទីក្រុងប៉េកាំងក្កៅក្រហាយយ៉ាងខ្លាំង៕