(អាហ្សង់ទីន)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បាននិយាយថាគោលជំហររបស់តួកគីក្នុងការស្វែងរកការពិត នៅពីក្រោយការសម្លាប់អ្នកកាសែត លោក Jamal Khashoggi គឺមិនមែនដើម្បីបំផ្លាញគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីតនោះ ទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
លោក អឺដូហ្កាន់ ធ្វើការកត់សម្គាល់បែបនេះទៅកាន់អ្នកសារព័ត៌មាន នៅឯកិច្ចប្រជុំ G20 ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ប្រធានាធិបតីតួកគីរូបនេះបានលើកឡើងដូច្នេះថា៖«យើងមិនដែលចាត់ទុកថា សំណុំរឿងឃាតកម្មនេះគឺបញ្ហានយោបាយនោះទេ...ហើយយើងគ្រាន់តែចង់លាតត្រដាងការពិតតែប៉ុណ្ណោះ ពោលគឺមិន មែនមានបំណងបំផ្លាញគ្រួសាររាជ្យវង្សអារ៉ាប៊ីសាអូឌីតឡើយ»។ បន្ថែមពីលើនេះ ថ្លែងនាឱកាសនោះ លោក អឺដូហ្កាន់ ក៏បានស្នើសុំធ្វើបត្យាប័ន និងបញ្ជូនជនសង្ស័យមកាន់ប្រទេសតួកគីផងដែរ បើទោះជាអារ៉ាប៊ីសាអូឌីត ធ្លាប់បានបដិសេធ ជាច្រើនលើកក៏ដោយ។
គួររំលឹកថា លោក Khashoggi ជាអ្នកកាសែត Washington Post មួយរូបត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុល
អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូលប្រទេសតួកគីកាលពីថ្ងៃទី០២ ខែតុលា ហើយគេរំពឹងថាសំណុំរឿងឃាតកម្មនេះ នឹងក្លាយជារបៀបវារៈសំខាន់សម្រាប់កិច្ចប្រជុំ G20។ ប៉ុន្តែ បើតាមលោក អឺដូហ្កាន់ មានតែប្រទេសកាណាដាតែមួយគត ដែលបានជជែកពីការសម្លាប់អ្នកកាសែតរូបនេះ៕