(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថាមនុស្ស០២នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿងលើអគារមួយកន្លែងស្ថិតនៅក្នុងទីក្រុង Fort Lauderdale នៃភាគអាគ្នេយ៍រដ្ឋ Florida។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាមេរិក ពីឡុត និងអ្នកដំណើរម្នាក់ជិះនៅលើយន្ដហោះខាងលើបានស្លាប់ បន្ទាប់ពីយន្ដហោះរបស់
ពួកគេធ្លាក់លើអគារនៃមជ្ឈមណ្ឌលមួយសម្រាប់កុមារស្ថិតនៅក្នុងទីក្រុង Fort Lauderdale ដោយបណ្ដាលឱ្យគ្រូបង្រៀន ម្នាក់រងរបួសស្រាល រីឯកុមារ០៥នាក់ និងក្មេងជំទង់០៨នាក់ ដែលនៅក្នុងអគារនៅពេលគ្រោះថ្នាក់កើតឡើងត្រូវបាន ជម្លៀសចេញភ្លាមៗ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចខាងលើ កើតឡើងនៅម៉ោង១៖២០ រសៀល ថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) ហើយបើតាមអាជ្ញាធរនៅក្នុងតំបន់ យន្ដហោះនេះគឺជាប្រភេទ Cessna 335 និងហោះចេញពីអាកាសយានដ្ឋាន Fort Lauderdale ឆ្ពោះទៅកាន់ទីក្រុង Hilliard នៃភាគខាងជើងរដ្ឋ Florida។ ប៉ុន្តែ មូលហេតុធ្លាក់មិនទាន់ត្រូវបានកំណត់ នៅឡើយទេ ខណៈការស៉ើបអង្កេតកំពុងធ្វើឡើង៕