(អាហ្សង់ទីន)៖ សហរដ្ឋអាមេរិក បានយល់ព្រមហើយថានឹងមិនតំឡើងពន្ធបន្ថែមថ្មីណាមួយលើផលិតនាំចូលពីចិន ទៀតនោះទេ ក្រោយថ្ងៃទី០១ ខែមករា ហើយថាកិច្ចចរចានឹងបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ ធ្វើសេចក្ដីថ្លែងការណ៍បែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួប ពិភាក្សាការងារជាប្រធានាធិបតីចិន លោក ស៉ី ជិនពីង ជាលើកដំបូងក្នុងប្រទេសអាហ្សង់ទីន នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរផ្ទុះឡើងមក។ លើសពីនេះទៅទៀត នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃសៅរ៍ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើសេចក្ដីថ្លែងការណ៍រួមផងដែរ តែមិនបានរិះគន់ពីសកម្មភាពគាំពារនិយម ដែលចិនធ្លាប់តែចោទទីក្រុងវ៉ាស៉ីនតោនឡើយ។
គួរជម្រាបថា ចិន និងសហរដ្ឋអាមេរិក បានតម្លើងពន្ធលើផលិតនាំចូលរៀងៗខ្លួន ដោយក្នុងនោះទីក្រុងវ៉ាស៉ីនតោន បានតំឡើង ពន្ធជាង២៥០ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិនចាប់តាំងពីខែកក្កដាមក រីឯទីក្រុងទីក្រុងប៉េកាំង បានចាត់វិធានការសង សឹកវិញជាមួយការតម្លើងពន្ធ១១០ពាន់លានដុល្លារលើផលិតផលនាំចូលពីអាមេរិក។ មិនតែប៉ុណ្ណោះ នៅមុនកិច្ចប្រជុំ G20 លោក ដូណាល់ ត្រាំ បានព្រមានថាអាចនឹងតំឡើងពន្ធបន្ថែម២០០ពាន់លានដុល្លារ លើផលិតផលចិន នៅខែមករា ឆ្នាំ២០១៩ ទៀត ផង៕