(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីឡើងវិញក្នុងសប្ដាហ៍នេះថា លោកនៅតែរំពឹងចង់ជួប ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំកំពូលជាលើកទី២ដែលគ្រោងនឹងធ្វើនៅដើមឆ្នាំក្រោយនេះ។ នេះបើ តាមអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីនគឺ លោក Yoon Young-chan លោក ដូណាល់ ត្រាំ លើក ឡើងបែបនេះនៅក្នុងជំនួបជាមួយលោក មូន នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ដែលកំពុងប្រព្រឹត្តទៅនៅប្រទេស អាហ្សង់ទីន។ លោក Yoon បានបញ្ជាក់ថា លោក ត្រាំ ក៏បានសាទរចំពោះការរៀបចំដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ទីក្រុងសេអ៊ូលនៅមុនដំណាច់ឆ្នាំ២០១៨នេះផងដែរ (បើគ្មានអ្វីប្រែប្រួល) ហើយមិនតែប៉ុណ្ណោះប្រធានាធិបតីអាមេរិករូប នេះថែមទាំងស្នើឱ្យកូរ៉េខាងត្បូង ធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទជាមួយសហរដ្ឋអាមេរិកទៀតផង។
គួរជម្រាបថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នាជាប្រវត្តិសាស្ត្រម្ដងរួចមកហើយ នៅឯប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។ ប៉ុន្តែក្រោយជំនួបនេះ ទោះបីទីក្រុងព្យុងយ៉ាងបញ្ឈប់ការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរក៏ដោយ ក៏សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅតែតឹងសសៃកដាក់គ្នាដដែល ជុំវិញភាពយឺតយ៉ាវនៃការរំសាយអាវុធនុយក្លេអ៊ែរនិងការដក ទណ្ឌកម្មសេដ្ឋកិច្ចពីរបបដឹកនាំទីក្រុងព្យុងយ៉ាង៕