(ប៉ារីស)៖ ការប៉ះទង្គិចគ្នាដ៏ហិង្សារវាងប៉ូលិសបារាំង និងក្រុមបាតុករបានផ្ទុះឡើងដូចការរំពឹងទុកនៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុងប៉ារីស ខណៈក្រុមបាតុករអាវកាក់ពណ៌លឿង បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃនៅសប្ដាហ៍ទី៣នេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
ជាមួយគ្នានោះ អាជ្ញាធរទីក្រុងប៉ារីស បានសម្រេចចិត្តដាក់ពង្រាយកងកម្លាំងប៉ូលិសរាប់ពាន់នាក់បន្ថែមទៀតដើម្បីទប់ទល់នឹង បាតុកម្មតវ៉ានេះ ដែលកំពុងរីករាលដាលកាន់តែធំឡើង។ បន្ថែមពីលើនេះ នៅក្នុងការប៉ះទង្គិចគ្នានេះប៉ូលិសបារាំងក៏បានប្រើប្រាស់
ឧស្ម័នបង្ហូរទឹកភ្នែក និងឃាត់ខ្លួនមនុស្សជាង១០០នាក់ផងដែរ។
រយៈពេលពីរសប្តាហ៍មកហើយដែលក្រុមអាវកាក់ពណ៌លឿងនៅប្រទេសបារាំងបានចេញយុទ្ធនាការតវ៉ា និងបិទផ្លូវនានានៅទូទាំង ប្រទេស ដើម្បីប្រឆាំងទៅនឹងតម្លៃប្រេងសាំងឡើងថ្លៃ និងការរស់នៅរបស់ពួកគេ ដែលត្រូវចំណាយកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យុទ្ធនាការកាន់តែរីកធំឡើងនេះ ពិតជាការធ្វើតេស្តដ៏ធំមួយចំពោះការដឹកនាំប្រទេសរបស់លោកប្រធានាធិបតីបារាំង អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ដែលមានរយៈពេល ១៨ខែទៅហើយនោះ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ក្រុមបាតុករមានគ្នីគ្នាសរុបរហូតទៅរាប់ពាន់នាក់ ដែលត្រូវបានអាជ្ញាធរបារាំងអះអាងថា គ្មានមេដឹកនាំចលនា ឬក៏មេខ្យល់អ្វីឡើយនោះ បានប្រមូលផ្តុំគ្នាក្នុងទីក្រុងប៉ារីស ដោយពួកគេយកបណ្តាញទំនាក់ទំនងសង្គមនានា ធ្វើជាកន្លែងផ្តល់ព័ត៌មាន ប្រមែប្រមូលអ្នកតវ៉ា និងចាតចែងពេលវេលា ព្រមទាំងទីតាំងដែលត្រូវប្រមូលផ្តុំគ្នាជាដើម៕