(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អតីតប្រធានាធិបតីអាមេរិកលោក ចច ប៊ូស (George H.W. Bush) ដែលត្រូវជាឪពុករបស់អតីតប្រធានាធិបតីមួយរូបទៀត គឺលោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) នោះបានទទួលមរណភាពហើយក្នុងជន្មាយុ ៩៤ឆ្នាំ៕
២៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រព័ន្ធបាញ់កម្ទេចមីស៊ីលបាលីស្ទីកជំនាន់ថ្មីត្រូវបានធ្វើតេស្ត និងទទួលជោគជ័យហើយ នៅឯទីតាំងសាកល្បងមួយក្នុងទឹកដីប្រទេសអាហ្សាក់ស្ថាន ជាប់ព្រំដែនភាគខាងត្បូងប្រទេសរុស្ស៊ី ខណៈប្រភេទ ឬឈ្មោះប្រព័ន្ធថ្មីនេះមិនទាន់ត្រូវបានបង្ហើបនោះឡើយ៕
៣៖ នៅទីបំផុតកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស-តំបន់សេដ្ឋកិច្ចធំៗនៅលើពិភពលោក G20 ត្រូវបានប្រារព្ធឡើងជាផ្លូវការហើយ នៅទីក្រុងប៊ុយណូសអ៊ែរែស នៃប្រទេសអាហ្សង់ទីន ស្ថិតក្នុងតំបន់អាមេរិកខាងត្បូង៕
៤៖ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល G20 នៅក្នុងរដ្ឋធានីប៊ុយណូសអ៊ែរែស ប្រទេសអាហ្សង់ទីននាចុងសប្តាហ៍នេះ បណ្តាថ្នាក់ដឹកនាំប្រទេសធំៗជាច្រើនមានឱកាសក្នុងការបង្កើតកិច្ចពិភាក្សា ជាលក្ខណៈទ្វេភាគីផង និងត្រីភាគីផង ហើយក្នុងនោះប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានជួបពិភាក្សាទ្វេភាគីជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីនសាល់ម៉ាន់ ផងដែរ៕
៥៖ គ្រោះធម្មជាតិរញ្ជួយផែនដី ដែលមានកម្រិតរហូតដល់ ៧.២រ៉ិចទ័រ បានវាយប្រហាររដ្ឋអាឡាស្កា (Alaska) ភាគពាយ័ព្យសហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១៖២៩នាទីរំលងអធ្រាត ឈានចូលថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង)។
៦៖ អាជ្ញាធរទីក្រុងប៉ារីសបានសម្រេច ត្រៀមដាក់ពង្រាយកងកម្លាំងប៉ូលិសរាប់ពាន់នាក់បន្ថែមទៀតដើម្បីទប់ទល់នឹងបាតុកម្ម ដែលនឹងផ្ទុះឡើងជាលើកទី ៣ នៅក្នុងថ្ងៃសៅរ៍នេះ ដោយសារតែប្រជាជនបារាំងទាំងនោះមានការខឹងសម្បារទៅនឹងតម្លៃ ប្រេងសាំងឡើងថ្លៃខ្ពស់បំផុតកម្រមាន៕