(ប៊ុយណូសអ៊ែរែស)៖ នៅទីបំផុតកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស-តំបន់សេដ្ឋកិច្ចធំៗនៅលើពិភពលោក G20 ត្រូវបានប្រារព្ធឡើងជាផ្លូវការហើយ នៅទីក្រុងប៊ុយណូសអ៊ែរែស នៃប្រទេសអាហ្សង់ទីន ស្ថិតក្នុងតំបន់អាមេរិកខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
កិច្ចប្រជុំកំពូលអន្តរជាតិនេះកំពុងប្រព្រឹត្តទៅក្រោមវត្តមាន នៃបណ្តាមេដឹកនាំប្រទេសសេដ្ឋកិច្ចកំពូលៗចំនួន ២០ លើលោកដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង ឥណ្ឌា អ៊ីតាលី ប្រេស៊ីល កាណាដា កូរ៉េខាងត្បូង អូស្ត្រាលី រុស្ស៊ី អេស្ប៉ាញ ម៉ិចស៊ីកូ តួកគី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង សិង្ហបុរី (តំណាងអាស៊ាន) អាហ្សង់ទីន និងសហភាពអឺរ៉ុប ព្រមទាំងអង្គការហិរញ្ញវត្ថុសកលធំៗមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំទាំងមូលមានរយៈពេលពីរថ្ងៃ គឺពីគិតចាប់ថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ (ពេលវេលានៅអាមេរិកខាងត្បូង) ដោយបណ្តាមេដឹកនាំទាំងអស់ នឹងធ្វើការពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗបំផុតនៃផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់អន្តរជាតិ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺស្ថិតនៅក្នុងគោលដៅបង្កើនកិច្ចសហការផ្នែកនយោបាយ រវាងបណ្តាប្រទេសទាំង ២០ ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍហិរញ្ញវត្ថុ និងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងពិភពលោក ព្រមទាំងទប់ស្កាត់ឲ្យបាននូវវិបត្តិផ្នែកហិរញ្ញវត្ថុសកល។
នេះជាលើកទី ១ ហើយសម្រាប់ប្រទេសអាហ្សង់ទីន ក៏ដូចជាតំបន់អាមេរិកខាងត្បូងទាំងមូល ដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូល G20 ហើយវាមិនមែនត្រឹមតែជាវេទិកានៃការពិភាក្សាគ្នារវាងបណ្តាមេដឹកនាំទាំង ២០ ប្រទេសនោះឡើយ ប៉ុន្តែកិច្ចប្រជុំទ្វេភាគី ឬត្រីភាគីរវាងបណ្តាមេដឹកនាំនានា ក៏បានកើតឡើងអំឡុងពេលនេះដែរ ខណៈបញ្ហាសំខាន់ៗនាពេលបច្ចុប្បន្ននេះ ដែលពិភពលោកកំពុងព្រួយបារម្ភគឺសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមរិក និងចិន ព្រមទាំងវិបត្តិរវាងអ៊ុយក្រែន និងរុស្ស៊ីជាដើម៕