(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រព័ន្ធបាញ់កម្ទេចមីស៊ីលបាលីស្ទីកជំនាន់ថ្មីត្រូវបានធ្វើតេស្ត និងទទួលជោគជ័យហើយ នៅឯទីតាំងសាកល្បងមួយក្នុងទឹកដីប្រទេសអាហ្សាក់ស្ថាន ជាប់ព្រំដែនភាគខាងត្បូងប្រទេសរុស្ស៊ី ខណៈប្រភេទ ឬឈ្មោះប្រព័ន្ធថ្មីនេះមិនទាន់ត្រូវបានបង្ហើបនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ទៀតថា បន្ទាប់ពីការធ្វើតេស្តប៉ុន្មានលើករួចមក ប្រព័ន្ធកម្ទេចមីស៊ីលផ្លោងប្រភេទថ្មីខាងលើនេះ អាចអាចធ្វើការស្ទាក់ចាប់មីស៊ីលមកពីគ្រប់គោលដៅទាំងអស់។ ប្រព័ន្ធបាញ់កម្ទេចមីស៊ីលប្រភេទថ្មីនេះ គឺនឹងត្រូវបំពាក់ដើម្បីការពារទីក្រុងម៉ូស្គូ ពីការវាយប្រហារនានាតាមផ្លូវអាកាស តាមរយៈការប្រព័ន្ធព្រមានទុកជាមុន និងប្រព័ន្ធអង្កេតដែនអាកាសជាប្រចាំតែម្តង។
គួរបញ្ជាក់ថា ក្រៅពីការផលិតដើម្បីការពារសុវត្ថិភាព ទឹកដីដ៏ធំធេងរបស់ខ្លួនហើយនោះ រុស្ស៊ីក៏នឹងអាចអនុញ្ញាតឲ្យលក់ប្រព័ន្ធនេះ ទៅកាន់អថិតិជនរបស់ខ្លួនទៅថ្ងៃអនាគតផងដែរ ខណៈដែលបច្ចុប្បន្នប្រព័ន្ធការពារមីស៊ីល S-400 និង S-400 គឺជាផលិតកំពុងលក់ដាច់ទៅកាន់បណ្តាប្រទេសធំៗដូចជា ចិន ឥណ្ឌា តួកគី និងបណ្តាប្រទេសជាសម្ព័ន្ធមិត្តធំៗរបស់រុស្ស៊ីមួយចំនួនទៀត៕