(ហ្សាការតា)៖ ប៉ូលិសនៃខេត្តអាសេ (Aceh) ប្រទេសឥណ្ឌូណេស៊ីបានអះអាងថា ទណ្ឌិតចំនួន៣៦នាក់ ត្រូវបានចាប់ត្រឡប់មកបញ្ចូលក្នុងពន្ធនាគារវិញហើយ ខណៈ៧៧នាក់បន្តរត់គេចខ្លួនពីការតាមចាប់របស់ប៉ូលិស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
ដើម្បីប្រមូលអ្នកទោសត្រឡប់មកវិញនោះ អាជ្ញាធរប៉ូលិសរបស់ខេត្តអាសេបានបង្កើតកងកម្លាំងបញ្ជាការពិសេសមួយ ដើម្បីសម្រេចកិច្ចការនេះ។ អ្នកនាំពាក្យស្ថាប័នប៉ូលិសប្រចាំខេត្តអាសេ លោក អ៊ែរី អាព្រីយ៉ូណូ (Ery Apriyono) បានបញ្ជាក់យ៉ាងដូច្នេះថា «មិនយូរមិនឆាប់ យើងនឹងក្របួចពួកគេត្រឡប់មកវិញជាមិនខាន។ យើងនៅតែបន្តតាមរកពួកគេ ដោយមិនខ្វល់ថាត្រូវចំណាយពេលប៉ុន្មាននោះឡើយ...»។
គួរបញ្ជាក់ថា ករណីហែកគុកដ៏សាហាវមួយ បានកើតមានឡើងនៅក្នុងពន្ធនាគារនៃស្រុក បានដាអាសេ នៃខេត្តអាសេ កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយពន្ធនាគារពេលនោះមានទណ្ឌិតសរុបចំនួន ៧២៧នាក់។ អ្នកទោសទាំងអស់ត្រូវបានអនុញ្ញាត ឲ្យចេញទៅប្រារព្ធពិធីបួងសួងតាមបែបសាសនាមួយ ប៉ុន្តែពួកគេមួយចំនួនបានឆក់ឱកាសនេះ ហើយទម្លាយចេញពីសំណាញ់សមត្ថកិច្ច រួចរត់រកសេរីភាពតែម្តង៕