BREAKING NEWS: អតីតប្រធានាធិបតីអាមេរិក George Bush ទទួលមរណភាពហើយក្នុងជន្មាយុ៩៤ឆ្នាំ! (Video Inside)
01-12-2018 13:14
(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ចច ប៊ូស (George H.W. Bush) ដែលត្រូវជាឪពុករបស់អតីតប្រធានាធិបតីមួយរូបទៀត គឺលោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) នោះបានទទួលមរណភាពហើយក្នុងជន្មាយុ ៩៤ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសពីការិយាល័យរបស់លោក ចច ប៊ូស ដកស្រង់ដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
លោក ចច ប៊ូស ដែលមានឈ្មោះពេញថា George Herbert Walker Bush គឺជាប្រធានាធិបតីទី ៤១ របស់សហរដ្ឋអាមេរិក ដែលបានកាន់អំណាចពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ ការទទួលមរណភាពដោយវ័យជរារបស់លោកពេលនេះ គឺបានកើតមានឡើងតែរយៈពេលជាង ៥ខែប៉ុណ្ណោះ បន្ទាប់ពីភរិយារបស់លោក គឺលោកស្រី បាបារ៉ា ប៊ូស (Babara Bush) បានទទួលមរណភាពកាលពីខែមេសា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ កូនប្រុសរបស់លោក George Bush គឺលោក George W. Bush បានរំលឹក និងកោតសរសើរអំពីស្នាដៃរបស់ឪពុកខ្លួន ដោយបានហៅថា ជាអតីតប្រធានាធិបតីអាមេរិក ដែលបានកាន់អំណាចមួយអាណត្តិ ដ៏ល្អជាងគេបំផុត។ លោក Goerge Bush បានទទួលមរណភាពនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ ទីក្រុង ខែនណឺបាំងផត (Kennebunkport) រដ្ឋមែណេ (Maine) ភាគខាងកើតសហរដ្ឋអាមេរិក៕