(ប៊ុយណូសអ៊ែរែស)៖ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល G20 នៅក្នុងរដ្ឋធានីប៊ុយណូសអ៊ែរែស ប្រទេសអាហ្សង់ទីននាចុងសប្តាហ៍នេះ បណ្តាថ្នាក់ដឹកនាំប្រទេសធំៗជាច្រើនមានឱកាសក្នុងការបង្កើតកិច្ចពិភាក្សា ជាលក្ខណៈទ្វេភាគីផង និងត្រីភាគីផង ហើយក្នុងនោះប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានជួបពិភាក្សាទ្វេភាគីជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីនសាល់ម៉ាន់ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនោះ មេដឹកនាំចិន និងអារ៉ាប៊ីសាអូឌីត បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរ ហើយក្នុងនាមជាមេដឹកនាំចិនទាំងមូល លោក ស៊ី ជិនពីង បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតវិបុលភាព និងភាពជឿនលឿននៅក្នុងតំបន់ឈូងសមុទ្រ។ ប្រទេសចិនក៏បានប្តេជ្ញាផងដែរថា នឹងបំពេញការងាររួមគ្នាជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីរក្សាឲ្យបាននូវផលប្រយោជន៍ស្នូល នៃប្រជាជាតិទាំងពីរ។
គួរបញ្ជាក់ថា ប្រទេសចិន និងអារ៉ាប៊ីសាអូឌីតត្រូវបានគេដឹងថា គឺជាដៃគូរកស៊ីក្នុងវិស័យថាមពលយ៉ាងជិតស្និទ្ធបំផុត ហើយបន្ថែមពីនេះព្រះអង្គម្ចាស់រាជទាហាទអារ៉ាប៊ីសាអូឌីតធ្លាប់បានពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ជុំវិញគោលដៅអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីតឆ្នាំ២០៣០ ដែលត្រូវធ្វើការផ្សាភ្ជាប់គ្នាជាមួយនឹងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនថែមទៀតផង៕