(ប៉ារីស)៖ អាជ្ញាធរទីក្រុងប៉ារីសបានសម្រេច ត្រៀមដាក់ពង្រាយកងកម្លាំងប៉ូលិសរាប់ពាន់នាក់បន្ថែមទៀត ដើម្បីទប់ទល់នឹងបាតុកម្មដែលនឹងផ្ទុះឡើងជាលើកទី ៣ នៅក្នុងថ្ងៃសៅរ៍នេះ ដោយសារតែប្រជាជនបារាំងទាំងនោះមានការខឹងសម្បារ ទៅនឹងតម្លៃប្រេងសាំងឡើងថ្លៃខ្ពស់បំផុតកម្រមាន។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
រយៈពេលពីរសប្តាហ៍មកហើយ ដែលក្រុមអាវកាក់ពណ៌លឿងនៅប្រទេសបារាំង បានចេញយុទ្ធនាការតវ៉ា និងបិទផ្លូវនានានៅទូទាំងប្រទេស ដើម្បីប្រឆាំងទៅនឹងតម្លៃប្រេងសាំងឡើងថ្លៃ និងការរស់នៅរបស់ពួកគេ ដែលត្រូវចំណាយកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យុទ្ធនាការកាន់តែរីកធំឡើងនេះ ពិតជាការធ្វើតេស្តដ៏ធំមួយចំពោះការដឹកនាំប្រទេសរបស់លោកប្រធានាធិបតីបារាំង អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ដែលមានរយៈពេល ១៨ខែទៅហើយនោះ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ក្រុមបាតុករមានគ្នីគ្នាសរុបរហូតទៅរាប់ពាន់នាក់ ដែលត្រូវបានអាជ្ញាធរបារាំងអះអាងថា គ្មានមេដឹកនាំចលនា ឬក៏មេខ្យល់អ្វីឡើយនោះ បានប្រមូលផ្តុំគ្នាក្នុងទីក្រុងប៉ារីស ដោយពួកគេយកបណ្តាញទំនាក់ទំនងសង្គមនានា ធ្វើជាកន្លែងផ្តល់ព័ត៌មាន ប្រមែប្រមូលអ្នកតវ៉ា និងចាតចែងពេលវេលា ព្រមទាំងទីតាំងដែលត្រូវប្រមូលផ្តុំគ្នាជាដើម។
ប៉ូលិសបារាំងនាគ្រានោះបានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បាញ់ដើម្បីបំបែកហ្វូងបាតុករ ហើយនៅសប្តាហ៍នេះការតវ៉ាត្រូវបានគេគណនាថា នឹងមានទំហំកាន់តែធំជាងសប្តាហ៍មុន ទើបអាជ្ញាធរសម្រេចបង្កើនកងកម្លាំងប៉ូលិសដល់ ៥,០០០នាក់ ដើម្បីគ្រប់គ្រងស្ថានការណ៍ជារួមនៅក្នុងទីក្រុងប៉ារីស ដោយកាលពីសប្តាហ៍មុននេះ ប៉ូលិសដែលត្រូវបានដាក់ពង្រាយមានចំនួនតែ ៣,០០០នាក់ប៉ុណ្ណោះ៕