(ប៉ារីស)៖ មន្ត្រីរដ្ឋាភិបាលបារាំងបានឲ្យដឹងថា ប្រទេសនេះកំពុងត្រៀមក្នុងការដកពានរង្វាន់កិត្តិយស «សេរីភាពទីក្រុងប៉ារីស» ចេញពីលោកស្រី អោងសាន ស៊ូជី ដោយសារតែមេដឹកនាំមីយ៉ាន់ម៉ារូបនេះ បានទទួលបរាជ័យក្នុងការឆ្លើយតបចំពោះទង្វើយោធាមីយ៉ាន់ម៉ា ដែលត្រូវបានអន្តរជាតិចោទថា បានបង្កការធ្វើទុកបុកម្នេញ និងសម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា រហូតដល់ពួកគេភ័យខ្លាច និងរត់ភៀសខ្លួនក្នុងចំនួនរាប់សែននាក់ទៅជ្រកបណ្តោះអាសន្ននៅប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញ AFP នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីសម្រេចនេះនឹងធ្វើឲ្យលោកស្រី អោងសាន ស៊ូជី ក្លាយជាបុគ្គលដំបូងគេបំផុតនៅក្នុងពិភពលោក ដែលត្រូវប្រទេសបារាំងធ្វើការដកហូតពានរង្វាន់ «សេរីភាពនៃទីក្រុងប៉ារីស» ខាងលើនេះ ដោយសារតែប្រទេសអឺរ៉ុបមួយនេះមើលឃើញថា លោកស្រីមិនបានចាត់វិធានការគ្រប់គ្រាន់ ក្នុងនាមជាមេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដើម្បីការពារជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ពីការធ្វើទុក្ខបុកម្នេញដោយយោធាប្រទេសលោកស្រី។ សម្រាប់សេចក្តីសម្រេចនៃការដកពានជាផ្លួវការ នឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទីក្រុងប៉ារីស នៅពាក់កណ្តាលខែធ្នូ ខាងមុខនេះហើយ។
គួរបញ្ជាក់ថា កាលពីចុងខែកញ្ញា ក្រុមអ្នកតំណាងរាស្ត្រកាណាដា បានបោះឆ្នោតលុបចោលសញ្ជាតិកិត្តិយស ដែលបានផ្ដល់ជូនមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០០៧ ដោយសារតែបរាជ័យក្នុងការដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ានេះដូចគ្នា ខណៈកាលពីពាក់កណ្តាលខែវិច្ឆិកា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏បានសម្រេចចិត្តទៀតថា នឹងដកពានរង្វាន់កិត្តិយសផ្នែកសិទ្ធិមនុស្ស Ambassador of Conscience Award ពីលោកស្រី អោងសាន ស៊ូជី វិញផងដែរ៕