(វ៉ាស៊ីនតោន)៖ តបតាមបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មន្ទីរការពារជាតិបញ្ចកោណ (Pentagon) កំពុងត្រៀមធ្វើការបញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់តំបន់បណ្តោយព្រំដែនអាមេរិក-ម៉ិចស៊ីកូ ក្នុងន័យទប់ស្កាត់បទឧក្រិដ្ឋនានា និងលំហូរជនអន្តោប្រវែសន៍ខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
ការប្រកាសត្រៀមខ្លួនខាងលើនេះ គឺបន្ទាប់ពីសេចក្តីប្រកាសនៃការដាក់ពង្រាយ ដែលបានធ្វើឡើងកាលពីចុងខែតុលា កន្លងទៅនេះនឹងត្រូវផុតកំណត់នៅក្នុងថ្ងៃទី១៥ ខែធ្នូខាងមុខនេះហើយ។ សហរដ្ឋអាមេរិកមានយុទ្ធនាការក្នុងការទប់ស្កាត់ លំហូរជនភៀសខ្លួនយ៉ាងកកកុញ ដែលបានធ្វើដំណើរមកពីតំបន់ទ្វីបអាមេរិកភាគកណ្តាល មកកាន់ព្រំដែនម៉ិចស៊ីកូ ក្នុងគោលបំណងឆ្លងចូលមកសុំសិទ្ធិជ្រកកោណនៅសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជាក់ហើយថា អ្នកណាចូលមកតាមផ្លូវស្របច្បាប់នោះនឹងទទួលបានសិទ្ធិស្នាក់នៅស្របច្បាប់ តែសម្រាប់អ្នកណាលួចចូលមកតាមផ្លូវខុស នោះនឹងត្រូវបញ្ជូនឲ្យត្រឡប់ទៅស្រុកដើមវិញ។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការពារជាតិលោក ចេមស៍ ម៉ាត់ទីស បានអះអាងនោះ សហរដ្ឋអាមេរិកនឹងធ្វើការដាក់ពង្រាយទ័ពបន្ថែម ៤,០០០នាក់ទៀត ពីលើចំនួនបច្ចុប្បន្នដែលត្រូវបានដាក់ពង្រាយរួចទៅហើយចំនួន ៥,៩០០នាក់។ សម្រាប់ការដាក់ពង្រាយនាពេលណាឲ្យប្រាកដនោះ ព័ត៌មាននឹងត្រូវប្រកាសនៅចុងសប្តាហ៍នេះ ហើយទាហានទាំងនោះមិនមែនត្រឹមតែមានតួនាទី ការពារសន្តិសុខតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឲ្យបំពេញការងារផ្នែកវិស្វកម្ម វេជ្ជសាស្ត្រ និងដឹកជញ្ជូនផងដែរ៕