(ប៉េកាំង)៖ គ្រោះធម្មជាតិរញ្ជួយផែនដី ដែលមានកម្រិតរហូតដល់ ៧.២រ៉ិចទ័រ បានវាយប្រហាររដ្ឋអាឡាស្កា (Alaska) ភាគពាយ័ព្យសហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១៖២៩នាទីរំលងអធ្រាត ឈានចូលថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន (CENC) នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីខាងលើនេះ មានជម្រៅញ័ររញ្ជួយពីក្នុងដីប្រមាណ ៤០គីឡូម៉ែត្រ ដែលបានវាយប្រហារតំបន់ឆ្នេរ នៃរដ្ឋអាឡាស្កា ដែលមានចម្ងាយ ១៦គីឡូម៉ែត្រពីទីក្រុង អាន់ឆូរ៉េច (Anchorage) ដែលជាទីក្រុងធំ និងមានមនុស្សរស់នៅច្រើនបំផុត ប្រចាំរដ្ឋរបស់អាមេរិក ដែលស្ថិតជាប់តំបន់ប៉ូលខាងជើងផែនដីមួយនេះ។
គួរបញ្ជាក់ថា ពីដំបូងឡើយក៏មានការព្រមានពីរលកយក្សស៊ូណាមិ ដែលអាចកើតមានផងដែរ ក្រោយគ្រោះរញ្ជួយដីកើតមានឡើងភ្លាមៗ ប៉ុន្តែនៅរយៈជាង ២ម៉ោងក្រោយមក អាជ្ញាធរអាមេរិកបានដកការព្រមាននេះវិញ។ ពុំទាន់មានរបាយការណ៍អំពីមនុស្សរងគ្រោះនោះឡើយ ប៉ុន្តែអគារសាធារណ លំនៅឋានប្រជាជន និងអគារពាណិជ្ជកម្មផ្សេងៗទៀតបានទទួលរងការវាយប្រហារ នាំឲ្យមានការខូចខាតយ៉ាងដំណំផងដែរ។
រដ្ឋអាឡាស្កាត្រូវបានអ្នកតាមដានភូមិសាស្ត្រទូទាំងសកលលោកដឹងថា ជាទីតាំងស្ថិតនៅជុំវិញតំបន់ខ្សែក្រវ៉ាត់ភ្លើង (Ring of Fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក និងតែងតែកើតមានគ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់ធ្ងរជរៀងរាល់ឆ្នាំ។ កាលពីឆ្នាំ១៩៦៤ គ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតរហូតដល់ ៩.២រ៉ិចទ័រ បានបង្កទៅជារលកយក្សស៊ូណាមិ និងផ្តាច់ជីវិតជនជាតិអាមេរិក ១៣៩នាក់ឯណោះ៕