(ប៊ុយណូសអ៊ែរែស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau និងប្រធានាធិបតីម៉ិចស៊ីកូ លោក Enrique Pena Nieto ទីបំផុតបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមានឈ្មោះពេញថា U.S. Mexico Canada Agreement ឬហៅកាត់ថា USMCA នាឱកាសចូលរួមកិច្ចប្រជុំ G-20 នៅឯរដ្ឋធានីប៊ុយណូសអ៊ែរែសនៃប្រទេសអាហ្សង់ទីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Al Jazeera នៅយប់ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់របស់លោក ត្រាំ ប្រទេសទាំង០៣នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងនេះ ដែលត្រូវរូបលោកចាត់ទុកថា អាចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងគេបង្អស់។ កិច្ចព្រមព្រៀង USMCA នឹងត្រួវជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រចាំតំបន់អាមេរិកខាងជើង ហៅកាត់ថា NAFTA ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ដើម្បីបង្កើតតំបន់ធ្វើពាណិជ្ជកម្មដោយសេរីរវាងប្រទេសទាំង០៣។ យ៉ាងណាមិញ កិច្ចព្រមព្រៀងថ្មីនេះ នឹងត្រូវការការផ្តល់សច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំង០៣ ទើបអាចចូលជាធរមានបាន។
គួរជម្រាបថា កិច្ចព្រមព្រៀង USMCA បានលេចឡើងជាលើកដំបូងកាលពីដើមខែតុលា ពោលគឺនៅប៉ុន្មានខែបន្ទាប់ពី លោក ដូណាល់ ត្រាំ បានដំឡើងពន្ធនាំចូលផលិតផលដែកថែបនិងអាលុយមីញ៉ូមលើម៉ិចស៊ីកូនិងកាណាដា ដោយទង្វើនេះបានបង្ខំឲ្យមានការចាត់វិធានការឆ្លើយតបដូចគ្នា ព្រមទាំងការចរចាយ៉ាងតានតឹង ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី៕