(ប៉េកាំង)៖ យោធាចិនបានបញ្ជូនក្រុមនាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង បន្ទាប់ពីយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលប្រដេញ USS Chancellorville មកក្បែរបរិវេណប្រជុំកោះមានជម្លោះ Paracel។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang នាវាចម្បាំងអាមេរិក បានចូលក្នុងដែនទឹករបស់ចិន ដោយពុំមានការអនុញ្ញាត ខណៈយោធាចិនបានបញ្ជូននាវាចម្បាំងមួយចំនួន ដើម្បីឃ្លាំមើលសកម្មភាពក៏ដូចព្រមានឲ្យនាវាអាមេរិកចាកចេញទៅវិញ។ លោក Shuang បានគូសបញ្ជាក់ថា ទីក្រុងប៉េកាំង ស្នើឲ្យអាមេរិកបញ្ឈប់សកម្មភាពបង្កហេតុបែបនេះជាបន្ទាន់ ព្រោះវារំលោភអធិបតេយ្យភាពនិងគំរាមកំហែងសន្តិសុខចិន។
គួរជម្រាបថា ក្រៅពីចិន ប្រជុំកោះ Spratly និង Paracel ដែលស្ថិតក្នុងចំណោមតំបន់មានវិវាទញឹកញយជាងគេ នៅសមុទ្រចិនខាងត្បូង ក៏ត្រូវបានទាមទារចំណែកដោយតៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីនផងដែរ។ សម្រាប់ការចល័តនាវាចម្បាំងនិងពេលខ្លះសូម្បីតែយន្តហោះទម្លាក់គ្រាប់បែកអាមេរិកមកសមុទ្រចិនខាងត្បូង គឺជាការប្រឆាំងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទាមទាររបស់ទីក្រុងប៉េកាំងទៅលើតំបន់នេះ៕