(កាប៊ុល)៖ បេសកកម្មអង្គការអង្គការប្រជាជាតិ បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ជនស៊ីវិល ២៣នាក់ ក្នុងនោះរួមមានកុមារ១០នាក់ និងស្ត្រី៨នាក់ ត្រូវបានសម្លាប់ និងកុមារ៣នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយនៅឯខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមបេសកកម្មអង្គការសហប្រជាជាតិ ប្រចាំប្រទេសអាហ្វហ្កានីស្ថាន (UNAMA) ជនស៊ីវិលទាំង២៣នាក់ខាងលើត្រូវបាន សម្លាប់នៅក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល កាលពីថ្ងៃអង្គារ ប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធតាលីបង់ នៅក្នុងស្រុក Garmser នៃខេត្ត Helmand។ UNAMA ឱ្យបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៨នេះ ចំនួនជនស៊ីវិលស្លាប់នៅក្នុងការវាយប្រហារនានាបានកើនឡើងគួរឱ្យកត់សម្គាល់ នៅរយៈពេល៩ខែដំបូងបើធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។
គួរជម្រាបថា បើតាម UNAMA ជនស៊ីវិល៦៤៩នាក់ បានស្លាប់នៅចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញាដែលនេះគឺកើន ឡើងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧៕