(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៉ី លោក អាន់ថូនី លូកស៊ូហ្វូក (Anthony Loke Siew Fook) បាននិយាយថា នៅថ្ងៃសុក្រនេះរដ្ឋាភិបាលម៉ាឡេស៉ីបានត្រៀមខ្លួនជានិច្ច ដើម្បីបើកប្រតិបត្តិការតាមស្វែងរកយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines តែតម្រូវឱ្យមានភស្ដុតាងថ្មីៗដែលត្រូវបានរកឃើញនេះ មានភាពគួរឱ្យទុកចិត្តបានជាមុនសិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Siew Fook ធ្វើការកត់សម្គាល់បែបប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមានការប្រគល់បំណែកមួយចំនួន ដែលគេជឿជាក់ថាជារបស់ MH370 ហើយលោកក៏បានអះអាងដែរថា រដ្ឋាភិបាលម៉ាឡេស៊ី មិនដែលបោះបង់ចោលលទ្ធភាព ក្នុងការតាមស្វែងរកយន្ដហោះនេះជាថ្មីឡើយ។
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៉ីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនដែលបានបោះបង់ចោលលទ្ធភាព ក្នុងការតាមស្វែងរកយន្ដហោះនោះទេ... ដូច្នេះបើសិនជាអាជ្ញាធររបស់យើងគិតថា វាមានភស្ដុតាងថ្មីនេះគួរទុកចិត្តបាន នោះយើងនឹង បើកប្រតិបត្តិការតាមស្វែងរកឡើងវិញ»។
គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានបាត់ខ្លួនដោយអាថ៌កំបាំងជាមួយ មនុស្សជិះនៅលើយន្ដហោះនេះទាំងអស់ ២៣៩នាក់ ក្នុងដំណើរផ្លូវពីទីក្រុងគូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤៕