(កៀវ)៖ ប្រធានសេវាកម្មតាមព្រំដែនអ៊ុយក្រែន លោក ផេត្រូ តាស៊ីជីកាល់ (Petro Tsygykal) បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងកៀវបានសម្រេចចិត្តដាក់បម្រាមលើប្រជាជនរុស្ស៊ីភេទប្រុស ដែលមានអាយុចាប់ពី ១៦ឆ្នាំ ដល់ ៦០ឆ្នាំ មិនឲ្យចូលមកក្នុងប្រទេសអ៊ុយក្រែន ក្រោយមានការប៉ះទង្គិចនៅតំបន់សមុទ្រនៃឧបទ្វីបគ្រីមៀ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Tsygykal បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា «នៅថ្ងៃនេះការចូលក្នុងប្រទេសអ៊ុយក្រែនពីសំណាក់ជនបរទេស ត្រូវបានដាក់កំហិត ជាពិសេសគឺជាបុរសជាជនជាតិរុស្ស៊ីមានអាយុពី ១៦ឆ្នាំ ដល់ ៦០ឆ្នាំតែម្ដង ដែលត្រូវហាមមិនឱ្យចូលក្នុងប្រទេសអ៊ុយក្រែន»។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ រដ្ឋាភិបាលអ៊ុយក្រែនក៏បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកផងដែរ ដើម្បីទប់ទល់ជាមួយទីក្រុងម៉ូស្គូ ក្រោយឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ប្រហារ និងរឹបអូសទូកអ៊ុយក្រែនបីគ្រឿង ព្រមទាំងឃាត់ខ្លួននាវិក ២៤នាក់ នៅក្នុងការប៉ះទង្គិចគ្នានៅសមុទ្រ អាហ្សូវ (Azov) នៃឧបទ្វីបគ្រីមៀ កាលពីចុងសប្ដាហ៍កន្លងទៅ៕