(ប៉ារីស)៖ នៅទីបំផុតមន្ត្រីព្រឹទ្ធសភា​បារាំងជាន់ខ្ពស់មួយរូប ត្រូវបាន​ដាក់ឱ្យនៅក្រោម​ការស៊ើប​អង្កេតជាផ្លូវការ​ហើយ ពីបន្ទាប់​ពីត្រូវដោយអាជ្ញាធរបានចោទថា បានធ្វើចារកម្មឱ្យកូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅរសៀល​ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

មន្ត្រីព្រឹទ្ធសភា​បារាំងជាន់ខ្ពស់ម្នាក់​មានឈ្មោះថា ប៊េណ័រ កេណឺដេ (Benoît Quennedey) ត្រូវគេសង្ស័យថា បានប្រព្រឹត្ត​អំពើក្បត់ជាតិ និងធ្វើចារកម្ម​ឱ្យបរទេស ដែលទោសនេះ​អាចឱ្យលោកជាប់​ពន្ធនាគារ ១០ឆ្នាំ បើតុលាការ​រកឃើញទោស​កំហុសពិតមែននោះ។ លោក Quennedey គឺជាមន្ត្រីព្រឹទ្ធសភា​បារាំងជាន់ខ្ពស់​ម្នាក់ មកពីនាយកដ្ឋាន​ស្ថាបត្យកម្ម បេតិភណ្ឌ និងសួនច្បារ ហើយមិនតែ​ប៉ុណ្ណោះ លោកក៏ជាប្រធាន​សមាគមទំនាក់ទំនង​បារាំង-កូរ៉េផងដែរ។

បន្ថែមពីលើនេះ​បើតាមប្រព័ន្ធផ្សព្វផ្សាយ​បារាំង លោក Quennedey បានធ្វើដំណើរ​ទៅកាន់ប្រទេស​កូរ៉េខាងជើង​ជាច្រើនលើក ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ហើយថែម​ទាំងបានជួបជាមួយ​ក្រុមមន្ត្រីកូរ៉េខាងជើង​ជាច្រើនរូប ស្របពេល​អាជ្ញាធរ​បាន តាមស៊ើបអង្កេត​លើរូបលោកកាលពីជាង​មួយឆ្នាំមុន​មកម្ល៉េះ។

គួរបញ្ជាក់ថា លោក Quennedey ត្រូវបានប៉ូលិស​បារាំងចាប់ខ្លួនក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យកន្លងទៅ និងត្រូវបាន​សួរចម្លើយអស់រយៈពេល ៩៦ម៉ោង៕