(សេអ៊ូល)៖ វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Blue House បានប្រកាស​ឲ្យដឹងថា ទីក្រុងសេអ៊ូលកំពុង​តែរៀបចំបើកទូលាយ​គ្រប់យ៉ាង តាមដែលខ្លួន​អាចធ្វើទៅបាន ដើម្បីស្វាគមន៍​ដំណើរទស្សនកិច្ចជា​ប្រវត្តិសាស្ត្រ នៃប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងត្រូវធ្វើឡើង​នាពេលឆាប់ៗ​ខាងមុខនេះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ​ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជុំវិញការរៀបចំ​​ទទួលស្វាគមន៍​មេដឹកនាំកូរ៉េខាងជើង​នោះ អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង គីម អ៊ុយកឺម (Kim Eui-keum) បាន​បញ្ជាក់ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុងតែរៀបចំ​ទទួលស្វាគមន៍​ដំណើរមក​ដល់នៃលោក គីម ជុងអ៊ុន ជាមួយ​ការបើក​ទូលាយបំផុតតាមដែលអាចធ្វើទៅបាន នៅរដ្ឋធានីសេអ៊ូល។ មន្ត្រីកូរ៉េខាងត្បូង​​មិនបាន​បញ្ជាក់អ្វីបន្ថែម​ទៀតឡើយ ប៉ុន្តែគេសង្កេត​ឃើញថា កូរ៉េខាងត្បូង​ហាក់​មានការ​ត្រៀមខ្លួន​យ៉ាង​ប្រសើរបំផុត ដើម្បីស្វាគមន៍​មេដឹកនាំ​កូរ៉េខាងជើង។

បើតាម​វិមាន Blue House លោក គីម ជុងអ៊ុន និងគណៈប្រតិភូ​កូរ៉េខាងជើង នឹងមក​បំពេញទស្សនកិច្ច​ទីក្រុងសេអ៊ូល ដែលស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានពីតំបន់ព្រំដែន​កូរ៉េទាំងពីរ​ នៅថ្ងៃទី១២ ខែធ្នូ ហើយនឹងបញ្ចប់​ជំនួបជាផ្លូវការ​នៅថ្ងៃទី១៤ ខែធ្នូ។ ការ​បំពេញ​ទស្សនកិច្ច​នេះ គឺជាការតបស្នងចំពោះ​ការបំពេញតាមពាក្យ​សន្យាជាមួយលោក មូន ជែអ៊ីន ដែលបាន​ដឹកនាំប្រតិភូកូរ៉េខាងត្បូងបំពេញ​ទស្សនកិច្ចរួច​ទៅហើយ នៅរដ្ឋធានី​ព្យុងយ៉ាងកាលពី​ខែកញ្ញា។

គួរបញ្ជាក់ថា វានឹងក្លាយជាលើកទី ៤ សម្រាប់ជំនួបរវាងប្រមុខដឹកនាំ​កូរ៉េខាងជើងលោក គីម ជុងអ៊ុន និង​ប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជែអ៊ីន ប៉ុន្តែវាជាលើកដំបូងបំផុតមិន​ធ្លាប់​មានក្នុងប្រវត្តិសាស្ត្រ ដែលប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ​នឹងមក​បំពេញទស្សនកិច្ច​នៅ​ទីក្រុង​សេអ៊ូល ដែលសញ្ញានេះ​ពិតជាបង្ហាញថា បងប្អូនកូរ៉េ​ទាំងពីរកាន់តែ​មានភាព​ស្និទ្ធ​ស្នាល​គ្នា និងឈាន​ទៅរកការ​អភិវឌ្ឍ​ទំនាក់ទំនង​កាន់តែ​ប្រសើរ ដើម្បីសន្តិសុខ​ឧបទ្វីបកូរ៉េ ហើយ​សហរដ្ឋអាមេរិក​ក៏បាននិង​កំពុងចូលរួមចំណែក​ ចំពោះការវវិឌ្ឍដ៏វិជ្ជមាន​នេះដែរ៕